ថ្ងៃពុធ ៦រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់​ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មា​ធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារសុវត្ថិ ភាពចរាចរណ៍ផ្លូវគោកប្រចាំត្រីមាសទី៣ ឆ្នាំ២០១៨ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ក្រសួង សមាជិកសមាជិកាគណៈកម្មាធិការ និងស្ថាប័នពាក់ព័ន្ធផងដែរ។
ជាលទ្ធផលនៃកិច្ចប្រជុំបានបង្ហាញឲ្យឃើញថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងត្រីមាសទី៣ ឆ្នាំ ២០១៨នេះ មានការថយចុះ៨% បើប្រៀបធៀបនឹងត្រីមាសទី២ក្នុងឆ្នាំដដែល និងមានការថយចុះ១០% បើប្រៀបធៀបនឹងត្រីមាសទី៣ដូចគ្នាក្នុងឆ្នាំ២០១៧។ លទ្ធផលនៃការថយចុះនេះកើតឡើងពីការខិតខំ ប្រឹងប្រែងរបស់មន្ត្រីទទួលបន្ទុក ដោយមានកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធទាំង អស់ក្នុងការធ្វើយុទ្ធ នាការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ បណ្ដុះបណ្ដាល ពង្រឹងការអនុវត្តច្បាប់ យុទ្ធនាការ ពាក់មួកសុវត្ថិភាព ការអប់រំតាមសាលារៀន ការបំពាក់ផ្លាកសញ្ញា ភ្លើងសញ្ញា គំនូសសញ្ញាចរាចរណ៍ និងចំណាំងផ្លាតជាដើម។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យបង្កើនកិច្ចសហការ ពង្រឹងការអនុវត្តច្បាប់ ធ្វើយុទ្ធនាការផ្សព្វផ្សាយ សាធារណៈ​ពីច្បាប់​ចរាចរណ៍ ការផ្សព្វផ្សាយតាមទូរទស្សន៍ពីផលលំបាកនិងការខាតបង់ដោយសារ គ្រោះថ្នាក់ចរាចរណ៍ យុទ្ធ​នា​ការ​ចែកមួកសុវត្ថិភាព និងយុទ្ធនាការផ្សេងៗថែមទៀត ដើម្បី កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ស្របតាមប្រសា​សន៍​ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា “ថ្ងៃនេះថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្តថា៖ ក្រសួងបានប្រើប្រាស់គ្រប់មធ្យោបាយ និងធនធានដើម្បីចូលរួមកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការសាងសង់ផ្លូវ ពង្រីកផ្លូវ លើកកម្ពស់កម្រិតគុណភាពផ្លូវ ដាក់ឱ្យ ដំណើរការសេវា​ដឹក​​ជញ្ជូនតាមផ្លូវទឹក ផ្លូវដែក ជាពិសេសការអភិវឌ្ឍកម្មវិធីRoad Care App ដែលអាចឱ្យ សាធារណជនថតរូបភាពផ្លូវជង្ហុកសំបុកមាន់ រួចផ្ញើទៅមន្ត្រីជំនាញ ដើម្បីជួសជុលបានទាន់ពេលវេលា។
ជាមួយគ្នានេះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរ និងអំណរគុណដល់គ្រប់ស្ថាប័ន ពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែង និងសហការយ៉ាងស្អិតរមួតកន្លងមក ក្នុងការកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍​នេះ៕