នៅល្ងាចថ្ងៃសៅរ៍ ៩រោច ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចអគ្គម​ហា​សេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញត្រឡប់មកប្រទេសកម្ពុជាវិញដោយសុខសុវត្ថិភាពហើយបន្ទាប់ពីបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនិងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកនៅប្រទេសនេប៉ាល់រយៈពេល៣ថ្ងៃកន្លងមកនេះ។

ជាលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកនៅប្រទេសនេប៉ាល់ គឺទទួលបាន​លទ្ធផលផ្លែផ្លាគួរជាទីមោទនភាព ដោយក្នុងនោះសម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញជួបជាមួយ លោកស្រី ប៊ីធយ៉ា ដេវី បានដាវីប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់និងជំនួបទ្វេភាគីជាមួយ លោក ខាត់ហ្គា ប្រាសាត សាម៉ា អូលីនាយករដ្ឋមន្ត្រីនេប៉ាល់ ផងដែរ។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំនៃប្រទេសទំាងពីរក៏បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៤ផងដែរដែលផ្តោតទៅលើ ការលើកលែងទិដ្ឋាការ visa សម្រាប់លិខិតឆ្លងដែនការទូតនិងផ្លូវការ ជាពិសេសកិច្ចព្រមព្រៀងពាក់ព័ន្ធវិស័យដឹកជញ្ជូនតាមផ្លូវអាកាសនិងអនុស្សារណៈយោគយល់គ្នារវាងក្រសួងការបរទេសទាំងពីរកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌។

ដោយឡែក នៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៨ នៅនេប៉ាល់សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញថ្លែងសុន្ទរកអំពី “ការដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៃយុគសម័យរបស់យើងៈ ការពឹងអាស្រ័យគ្នាវិបុលភាពទៅ​វិ​ញទៅមក និងតម្លៃជាសាកល”។ នៅក្នុងពេលស្នាក់នៅក្នុងប្រទេសនេប៉ាល់សម្តេចតេជោ ក៏បានអញ្ជើញទស្ស​នា​ទីប្រជុំជនបុរាណ ប៉ាតាន់ ឌួបាដែលជារមណីដ្ឋានក្នុងបញ្ជីបេតិភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ៕