នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨,នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Angela Corcoran ឯកអគ្គរាជទូតអូស្រា្តលីប្រចាំនៅកម្ពុជា ដែលជំនួបពិភាក្សានេះផ្តោតជាសំខាន់ទៅលើកិច្ចសហប្រតិបត្តិការថ្មីរបស់់ប្រទេសអូស្រ្តាលីសម្រាប់ឆ្នាំ២០១៩-២០២២ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍នៅកម្ពុជា ក៏ដូចជាការពង្រឹងតួនាទីរបស់ប្រទេសអូស្រ្តាលីនៅក្នុងតំបន់ តាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។នាឱកាសជំនួបនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ និងសម្តែងនូវអំណរគុណ និងការកោតសរសើរចំពោះសមិទ្ធិផលនានាដែលភាគីមិត្តអូស្រ្តាលីបានរួមចំណែកផ្តល់ការគាំទ្រក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចតាមរយៈការផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជា ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យក៏បានគូសរំលេចផងដែរថា កម្ពុជាតែងតែចាត់ទុកអូស្រ្តាលីជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយក្នុងតំបន់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចដំណើរការនៃការកសាងសន្តិភាពនៅប្រទេសកម្ពុជា ការស្តារ និងអភិវឌ្ឍន៍មកដល់បច្ចុប្បន្ន។ ជាប្រសាសន៍តប លោកជំទាវ Angela Corcoran បានជម្រាបជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យថា, ប្រទេសកម្ពុជាពិតជាមានការរីកចម្រើន និង ផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ហើយបានបញ្ជាក់បន្ថែមថា អូស្រ្តាលីនឹងខិតខំបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយតម្រង់វិស័យនៃកិច្ចសហប្រតិបត្តិការរបស់អូស្រ្តាលីឲ្យស្របទៅនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៏ជាតិរបស់កម្ពុជា។ នាឱកាសនោះ ភាគីទាំងពីរបានស្វាគមន៍ដល់គម្រោងកំពុងដំណើរការមួយចំនួនក្នុងក្របខ័ណ្ឌនៃកិច្ច សហប្រតិបត្តិការអភិវឌ្ឍរបស់អូស្រ្តាលីនៅកម្ពុជា មានដូចជា៖
១- វិស័យអភិបាលកិច្ច៖ កម្មវិធីកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្រ្តាលី ដើម្បីសេវាប្រកបដោយសមធម៏ និងនិរន្តភាព “Australia-Cambodia Cooperation for Equitable Sustainable Services-ACCESS” ក្នុងទឹកប្រាក់ហិរញ្ញប្បទានឥតសំណងប្រមាណ ២៥លានដុល្លារអូស្រ្តាលី ដែលកម្មវិធីនេះមានទិសដៅជារួមក្នុងការជួយ ដល់ប្រជាពលរដ្ឋកម្ពុជាដែលងាយរងគ្រោះ ដូចជា ជនពិការ និងស្រ្តីដែលរងគ្រោះដោយអំពើហឹង្សាជាដើម។
២- វិស័យហេដ្ឋារចនាសម្ព័ន្ធ៖ កម្មវិធីការវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ “Investing In Infra- structure-3i”ក្នុងទឹកប្រាក់ហិរញ្ញប្បទានឥតសំណងប្រមាណ ៤៥,៤លានដុល្លារអូស្រ្តាលី ដែលកម្មវិធីនេះមានទិសដៅជារួមក្នុងការការកសាង ឬការពង្រឹងបណ្តាញចែកចាយនិងតភ្ជាប់សម្រាប់ពង្រីកលទ្ធភាពផ្គត់ផ្គង់ថាមពលអគ្គិសនី និងទឹកស្អាតនៅតាមទីប្រជុំជន និងជនបទ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងមានគោលដៅអភិវឌ្ឍន៍ផ្នែកឯកជនក្នុងស្រុកសម្រាប់ជំរុញអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ។ជាការឆ្លើយតប ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានថ្លែងអំណរគុណជាថ្មីម្តងទៀតដល់រាជរដ្ឋាភិបាលអូស្រ្តាលីដែលតែងតែផ្តល់ការគាំទ្រដល់កម្ពុជា និងសន្យាបន្តកិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែមានប្រសិទ្ធិភាពថែមទៀត ដើម្បីជាឧត្តមប្រយោជន៏សម្រាប់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ ។