ឧត្តមានជ័យ ៖ រមណីយដ្ឋានចំនួន២កន្លែង ក្នុងចំណោម១២ទីតាំងសំខាន់ របស់អតីត មេដឹកនាំខ្មែរក្រហម តាម៉ុក បច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ គឺរមណីយដ្ឋាន ផ្ទះតាម៉ុកជាប់មាតបឹង និង ផ្ទះតាម៉ុក នៅលើកំពូលភ្នំដងរ៉ែក ឬ(ពើកតាម៉ុក) ត្រូវបានក្រសួងបញ្ចប់ការសិក្សាឈានដល់ការបង្កើតផលិតផលទេសចរណ៍ថ្មី ដើម្បីផ្សព្វផ្សាយទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ទៅកម្សាន្តតំបន់ទេសចរប្រវត្តិសាស្ត្រចុងក្រោយ នៃមេដឹកនាំខ្មែរក្រហម និង ជាទីកន្លែងចុងក្រោយ របស់តាម៉ុក ស្ថិតក្នុងខេត្តឧត្តមានជ័យ ស្រុកអន្លង់វែង ជាប់ព្រំដែនកម្ពុជា- ថៃច្រកជាំ ។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ក្រោយពីមានការណែនាំ និងការអង្អុលបង្ហាញពី ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីការរៀបចំ ព្រឹត្តិការណ៍កីឡាទេសចរណ៍ឲ្យបានច្រើន នាឆ្នាំ២០១៩ខាងមុខនេះ។
ឯកឧត្តមអគ្គលេខាធិការបានបន្តថា ព្រឹត្តិការណ៍កីឡាទេសចរណ៍គឺជាផលិតផលទេសចរណ៍ថ្មីមួយ ដែលផ្សារភ្ជាប់ទៅនឹង ផលិតផលទេសចរណ៍ផ្សេងៗទៀត ជាពិសេសគឺតំបន់ទេសចរណ៍ និងគោលដៅទេសចរណ៍ធំៗ ដែលទាក់ទាញ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានច្រើន។
ឯកឧត្តមបានគូស បញ្ជាក់យ៉ាងដូច្នេះថា “គម្រោងរបស់យើងគឺចង់រួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាសមិទ្ធផល របស់គណបក្សប្រជាជនកម្ពុជាផង។
សូមជម្រាបផងដែរថា តំបន់ប្រវត្តិសាស្ត្រ រមណីយដ្ឋាន ផ្ទះតាម៉ុក ស្ថិតក្នុងស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ មានចម្ងាយផ្លូវប្រហែលជា ៤៣៦ គីឡូម៉ែត្រ ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅ ច្រកព្រំដែនជាំ កម្ពុជា-ថៃ ៕