នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានទទួលជួបសម្ដែងការគួរសមពីសំណាក់គណៈប្រតិភូមកពីសមាគម JOPCA ដឹកនាំដោយលោក Tatsuhiko Ikeda ប្រធានសមាគម អមដំណើរដោយលោក Yoshihisa Fujita ប្រធានគណៈកម្មាធិការផែនការ លោក Hiroshi Endo អគ្គលេខាធិការ និងលោក Masayuki Tanemurប្រធានការិយាល័យផែនការគោលនយោបាយអន្តរជាតិ និងកំពង់ផែ នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍។

ដំណើរទស្សនកិច្ចមកកាន់ក្រសួងសាធារណការ និងដឹកជញ្ជូននេះ ធ្វើឡើងដើម្បីសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួង និងសមាគម JOPCA ដែលបានផ្ដួចផ្ដើមឱ្យមានសិក្ខាសាលាស្ដីពីកំពង់ផែកម្ពុជា – ជប៉ុន ឆ្នាំ ២០១៨ នេះ។

សមាគម JOPCA នេះគឺជាអង្គការក្រៅរដ្ឋាភិបាលមួយដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសជប៉ុនក្នុងឆ្នាំ១៩៩៣ ដោយសមាជិកសាជីវកម្ម ដែលមានដូចជា៖ អ្នកជំនាញការ និងអាជ្ញាធរកំពង់ផែ ក្នុងគោលបំណងលើកកម្ពស់មិត្តភាពអន្តរជាតិ និងកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងវិស័យកំពង់ផែសមុទ្រ និងសកម្មភាពដឹកជញ្ជូនតាមផ្លូវសមុទ្រ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានជម្រាបជូនគណៈប្រតិភូអំពីគំនិតផ្តួចផ្តើមទាំងឡាយ ទាក់ទងនឹងគម្រោងផែនការសម្រាប់អាណត្តិទី៦របស់ក្រសួង ដែលក្នុងនោះរួមមាន៖ គម្រោងពង្រីកកំពង់ផែសមុទ្រទឹកជ្រៅ ខេត្តព្រះសីហនុ ការសិក្សាគម្រោងនៃប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ AGT) កម្មវិធីថែទាំផ្លូវ (ROAD CARE mobile app) ដែលទើបត្រូវបានដាក់ឱ្យដំណើរការនាពេលថ្មីៗនេះ និងប័ណ្ណបើកបរដែលមាន QR Code ផងដែរ។