ថ្ងៃអង្គារ ១១កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ លោក ញ៉ែម សារវង្ស អគ្គនាយករងនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ តំណាងឲ្យឯកឧត្ដមអគ្គនាយក ចាន់ តារា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពី វិស័យកំពង់ផែកម្ពុជា – ជប៉ុនឆ្នាំ២០១៨ រៀបចំឡើងដោយក្រសួងសាធារណការនិងដឹកជញ្ជូន និងសមាគមសហប្រតិបត្តិការកំពង់ផែក្រៅប្រទេសជប៉ុន ដោយមានការចូលរួមពីមន្រ្តីរដ្ឋាភិបាល តំណាងមកពីសាកលវិទ្យាល័យ Open University of Japan ទីភ្នាក់ងារJICA តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងក្រុមហ៊ុនឯកជនមកពីប្រទេសជប៉ុន និងប្រទេសកម្ពុជា ប្រមាណជាង ១០០ នាក់។

សិក្ខាសាលានេះផ្តោតសំខាន់ទៅលើការអភិវឌ្ឍកំពង់ផែស្វ័យតរាជធានីភ្នំពេញ នីតិវិធីទាក់ទងនឹងការផ្ទេរទំនិញនៅកំពង់ផែ និងការដោះដូរទំនិញតាមប្រព័ន្ធអេឡិចត្រូនិច (Port EDI) កិច្ចសហប្រតិបត្តិការជប៉ុនក្នុងវិស័យកំពង់ផែនៅកម្ពុជា ការផ្លាស់ប្តូរបច្ចេកទេសកំពង់ផែទ្វេភាគី សារសំខាន់ស្ដង់ដារបច្ចេកទេស និងការថែទាំហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ។ លោកអគ្គនាយករង បានបញ្ជាក់ពីសារសំខាន់នៃការប្រើប្រាស់ធនធានសមាគមអតីតនិស្សិតរបស់ទីភ្នាក់ងារ JICA ដោយហេតុថា សមាគមនេះដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពគ្រប់គ្រងទំនិញ និងពង្រឹងសមត្ថភាពគ្រប់គ្រង និងកិច្ចប្រតិបត្តិការនៃកំពង់ផែស្វ័យតភ្នំពេញ និងកំពង់ផែស្វ័យតក្រុងព្រះសីហនុ។ លោកអគ្គនាយករងបានបន្ថែមថា ការយល់ដឹងពីគ្នាទៅវិញទៅមក និងការផ្លាស់ប្តូរទស្សនៈរវាងគ្នាក្នុងវិស័យកំពង់ផែ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកំពង់ផែ និងសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។