​ភ្នំពេញ៖​ ថ្មីៗនេះរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាឲ្យកម្លាំងចុះត្រួតពិនិត្យ ធ្វើការផ្លាស់ប្ដូរប្រព័ន្ធលូ នៅតាមមហាវិថីនិងវិថីតូចធំនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញដើម្បីបង្ហូទឹកបានលឿនជាងមុន ព្រោះពេលភ្លៀងម្ដងៗតែង​តែ​លិចរហូតមកធ្វើអោយបងប្អូន ប្រជាពលរដ្ឋ ពិបាកធ្វើដំណើរ និងដើម្បីសោភ័ណភាពនៅក្នុងទីក្រុងភ្នំពេញផងដែរ ។

ដោយជាក់ស្ដែងនៅតាមបណ្ដោយវិថីព្រះអង្គអេង (ផ្លូវលេខ១៣) ខាងលិចផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ប្រវែងជិត៨០០ម៉ែត្រនេះផងដែររាល់ពេលដែលមានភ្លៀងធ្លាក់ខ្លាំងតែងតែមានការលិចផ្លូវជានិច្ច បង្កអោយប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់វិថីនេះ ទាំងម៉ូតូនិងយានយន្តទាបៗ មានការរលត់ម៉ាស៉ីន ខូចទាំងកណ្ដាលផ្លូវក៏មាន ធ្វើបង្អាក់ដំណើរចរាចរណ៍ ធ្វើអោយកកស្ទះខ្លាំងនៅក្នុងរាជធានីភ្នំពេញ។ដូច្នេះហើយរដ្ឋបាលរាជធានីភ្នំពេញបានដាក់ដេញថ្លៃគម្រោងនេះអោយទៅក្រុមហ៊ុន Jicaចុះផ្លាស់ប្ដូប្រព័ន្ធលូចាស់ៗចោល ដោយប្ដូរដាក់ប្រព័ន្ធលូថ្មី និងរៀបការឺឡាជម្រាបទឹក Interlock ដើម្បីកាត់បន្ថយទឹកភ្លៀងជន់លិចពេលដែលភ្លៀងខ្លាំងម្ដងៗ រហូតមកដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ រួចរាល់បានជាង៤០ភាគរយហើយ។​

បន្ថែមពីលើនោះផងដែររដ្ឋបាលរាជធានីភ្នំពេញក៏ដូចជាគណៈបញ្ជាការឯកភាពខណ្ឌទាំង ១២ខណ្ឌនៅក្នុងរាជធា​នីភ្នំពេញក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលមានទីលំនៅនៅជាប់ដងផ្លូវជាពិសេសនៅចំណុចដែលមានការដ្ឋានផ្លាស់ប្ដូរប្រព័ន្ធលូនៅចំពីមុខផ្ទះរបស់បងប្អូនសូមបងប្អូនមេត្តាជួយយោគយល់នៅការកក់ស្ទះ និង​ជួយរៀបចំទុកដាក់សំរាមឱ្យមានរបៀបរៀបរយនិងពិនិត្យមើលគំរបលូនៅមុខផ្ទះរាល់ពេលដែលមានមេឃភ្លៀងធ្លាក់ខ្លាំងនិងសូមជួយសំអាតដើម្បីកុំអោយមានសំរាមហូរចូលដល់មាត់លូនោះអាចបង្កឲ្យមានការកកស្ទះ៕

អត្ថបទ និង រូបភាព៖ ទឹម វិបុល