កណ្តាល៖ កសិករដាំអំពៅសប្បាយកើបប្រាក់នៅពេលតម្លៃអំពៅឡើងថ្លៃទ្វេរមួយជាបីដោយលេខ១មួយបាច់ដល់​ទៅជាង២ម៉ឺនរៀលខណៈឆ្នាំកន្លងទៅបានតែមិនដល់១ម៉ឺនរៀលក្នុង១បាច់៖លោក យឿន សំអាង មានទីលំនៅភូមិ​​ព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល បានប្រាប់ថា លោកបានប្រកបរបរដាំអំពៅម្រេចនេះយូរឆ្នាំមកហើយ ពោលគឺតពីឪ ពុកម្តាយមកជាង២០ឆ្នាំមកហើយ។ កាលពីឆ្នាំកន្លងអ្នកដាំអំពៅបានខាតឡុងចុងចូលដើម និងស្ទើរតែលែងហ៊ានដាំ ដោយសារអំពៅប្រភេទលេខ១ក្នុង១បាច់លក់បានតែ៦០០០ទៅ៧០០០រៀលប៉ុណ្ណោះ ប៉ុន្តែ សម្រាប់ដើមរដូវនេះ អំពៅ​បានឡើងថ្លៃទ្វេរមួយជាបី គឺអាចស្រង់ដើមបាននិងចំណេញវិញ  ដោយ​អាលេខ១លក់នៅចំការក្នុង១បាច់មិនក្រោម១៨.០០០រៀល ( មួយម៉ឺនប្រាំបីពាន់រៀល ) នោះទេ ហើយបើដឹកយកទៅដល់ផ្សារតាខ្មៅ គឺអាចលក់បានដល់ទៅ២២.០០០រៀល ( ពីរម៉ឺនពីរពាន់រៀល ) ឯណោះ ហើយបើអាលេខបីក៏លក់បា ន៦០០០ទៅ៧០០០រៀលដែរ ខណៈដែលអំពៅលេខពីរ ក្នុង១បាច់តម្លៃ១០.០០០ ( មួយម៉ឺ ន ) ទៅ១២.០០០រៀល ( មួយម៉ឺនពីរពាន់រៀល )។

លោកបានបន្តថា ឆ្នាំកន្លងទៅអំពៅថោក ដោយសារមានអ្នកដាំច្រើន ដល់ឆ្នាំនេះ កសិករមួយចំនួនប្តូរទៅដាំដំណាំផ្សេងៗ ហើយទឹកឆ្នាំនេះឡើងធំលិចខួចអស់១ចំនួននោះ ទើបធ្វើឱ្យអំពៅឡើងថ្លៃ និងរកអំពៅលក់ស្ទើរមិនបានផង។

អ្នកស្រី សៀក ឃី ឈ្មួញកណ្តាលម្នាក់ បានប្រាប់ដែរថា កាលពីឆ្នាមុនអំពៅពិតជាថោកនិយាយលែងចេញមែនរហូតមានអ្នកខ្លះទុកឱ្យចាស់ចោលទៀតផង ព្រោះគ្មានម៉ូយទិញ បើកាប់ត្រូវជួលកម្មករ និងដឹកដើរលក់ខ្លួនឯ​ទៀត​។ ប៉ុន្តែ ឆ្នាំនេះរកអំបៅលក់មិនបានទេ និងឡើងថ្លៃ១ទ្វេរជាពីរជាបីឯណោះ ហើយនេះគ្រាន់តែដើមដៃអំពៅឡើងប៉ុណ្ណេះហើយ ទម្រាំដល់កណ្តាលដៃ និងចុងដៃ ដែលជារដូវក្តៅទៀតនោះ តម្លៃអំពៅនឹងឡើងថ្លៃជាពេលនេះទៀត។ ហើយក្នុងក្រៅពីម៉ៅចំការពីម្ចាស់ អ្នកស្រីក៏ប្រមូលទិញគិតជាបាច់តាមចំការផ ងដែរ ដោយក្នុង១បាច់ផាត់សាហ៊ុយនិងចំណាយផ្សេងៗ អាចចំណេញបានពី១០០០ទៅ១៥០០រៀលដែរ។

លោក កាង ម៉ាំង អនុប្រធានការិយាល័យផែនការនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេ សាទខេត្តកណ្តាល បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០១៨នេះ ទូទាំងខេត្តមានដំណាំអំពៅចំនួន៤០១ហិចតា ខណៈជាពីឆ្នាំ២០១៧មានចំនួន​ជិត១ពាន់ហិចតា ក្នុងនោះស្រុកស្អាងច្រើនជាងគេចំនួន៣៥០ហិចតា និងទើបនឹងចាប់ផ្តើមប្រមូលផលជាបណ្តើរៗប៉ុណ្ណោះ។ លោកក៏បានបន្តដែរថា កសិករត្រូវចេះពិនិត្យមើលអំពីតម្រូវការលើទីផ្សារ និងចៀងវាងដាំដំណាំតាមៗគ្នា ដែលនាំឱ្យជន់ធ្វើឱ្យចុះថោកនាំឱ្យខាត់បង់ ហើយលោកអនុប្រធានការិយាល័យ ក៏បានឱ្យដឹងដែរថា នៅទូទាំងខេត្តក្រៅអំពីផ្ទៃដីសម្រាប់ធ្វើស្រូវ នៅមានដីសម្រាប់ដាំដំណាំចម្រុះចំនួន៣៦.៥០០ហិចតា៕