ខេត្តរតនគិរី៖ នេះជាសមិទ្ធិផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធិផលនានាជាច្រើនដែលស្នងការដ្ឋាននគរបាលខេត្តរតនគិរី សំរេចលើការសាងសង់បាននាពេលកន្លងមកសំរាប់បម្រើកិច្ចការងាររដ្ឋបាលទូទៅ ។
ហើយនៅម៉ោងជិត៣រសៀលថ្ងៃទី២៤ធ្នូ២០១៨ម្សិលមិញនេះ អគាររដ្ឋបាលថ្មីមួយខ្នង ដែលបានសាងសង់ឡើងក្នុងតម្លៃទឹកប្រាក់អស់ជាង២០ម៉ឺនដុល្លារអាមេរិកក្រោមជំនួយឧបត្ថម្ភពីសប្បុរសជនក្នុងស្រុក និងប្រទេសវៀតណាមជាមិត្តនោះបានបញ្ចប់នូវការសាងសង់ និងបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការណ៍ក្រោមវត្តមាន អគ្គស្នងការ រងនគរបាលជាតិ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណអភិបាលរងខេត្តរតនគិរី លោក លន់ សុភាព ស្នងការនគរ បាលខេត្តរតនគិរីលោកឧត្តមសេនីយ៍ទោ ងួន គឿន ថ្នាក់ដឹកនាំនគរបាលខេត្តយ៉ាឡាយ ខេត្តកន្ទូមវៀតណាម និងក៏មានការចូលរួមពីថ្នាក់ដឹកនាំនគរបាល ខេត្តភាគឥសាន មន្ត្រីខេត្តក្រុង ស្រុក រួមនឹងមន្ត្រីនគរបាលខេត្តរតនគិរីគ្រប់លំដាប់ថ្នាក់ជាង១ពាន់នាក់ផងនោះទៀត។
ស្នងការនគរបាលខេត្តរតនគិរី លោកឧត្តមសេនីយ៍ទោ ងួន គឿន បានបង្ហាញរបាយការណ៍ថាអគាររដ្ឋបាលថ្មីមួយខ្នងដែលត្រូវសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការណ៍នៅពេលនេះសង់ឡើងក្នុងទំហំ១៣ម៉ែត្រ គុណនឹង៣០ម៉ែត្រមានកំពស់២ជាន់ ធ្វើអំពីឥដ្ឋប្រក់ក្បឿង ជារចនាបថខ្មែរ និងសក្តិសមជាអគារធ្វើការក្នុងក្របខ័ណ្ឌរាជការ។
អគារនេះជាន់ក្រោមមានបន្ទប់ការិយាល័យ៩បន្ទប់ និងជាន់លើមានសាលប្រជុំធំមួយមាន២០០កៅអី «ផ្ទុកមនុស្សបាន២០០នាក់» ហើយដំណើរការសាងសង់ចាប់ពីថ្ងៃទី២១មេសា២០១៧ និងបានបញ្ចប់នូវការសាងសង់នៅក្នុងខែឧសភា២០១៨ ដែលបានចំណាយថវិកាសរុប ២២ម៉ឺន ១៦១ពាន់ ៣៨៧ដុល្លារអាមេរិកជាថវិកាបានមកពីការជួយឧត្ថម្ភ ពីមន្ទីរនគរបាលខេត្តយ៉ាឡាយ ខេត្តកន្ទូម វៀតណាមមន្ត្រីរាជការ និងសប្បុរសជននានាក្នុងខេត្តរតនគិរីផងដែរ។
លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត បានបញ្ជាក់ថាដំណើរការសាងសង់អគាររដ្ឋបាលនេះ គឺបានអនុវត្តទៅតាមគោលការណ៍របស់អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿននិងការគាំទ្រឯកភាព របស់អភិបាលខេត្តរតនគិរី លោកថង សាវុន លើគំរោងប្លង់នៃសំណង់អគារនេះផងដែរ។ ហើយនៅឆ្នាំ២០១៥កន្លងមក ស្នងការដ្ខាននគរបាលខេត្តក៏បានធ្វើរបងថ្មព័ទ្ធជុំវិញស្នងការ ប្រវែង៤០៨ម៉ែត្រ ដោយចំណាយថវិកាអស់៨ពាន់៣៥០ដុល្លារ និងសមិទ្ធិផលនានាមួយចំនួនទៀតផង។
អភិបាលរងខេត្តរតនគិរីលោក លន់ សុភាព បានថ្លែងកោតសរសើរដល់កម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ដែលបានពុះពារគ្រប់ឧបសគ្គនិងបានអនុវត្តតួនាទី ភារកិច្ចថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ទាំងពេលកន្លងមក និងគ្រាបច្ចុប្បន្ន។ លោកអភិបាលរងខេត្តក៏បានកោតសរសើរដល់កម្លាំងនគរបាលវរការពារព្រំដែន ដែលបានសហការណ៍គ្នាជាមួយអង្គភាពប្រដាប់អាវុធពាក់ព័ន្ធផ្សេងទៀតបានល្អ ក្នុងការចុះការពារការបោះបង្គោលព្រំដែនបំពេញបន្ថែម ពីបង្គោលលេខ១ ដល់បង្គោលលេខ៤០កម្ពុជា-វៀតណាម បានដោយជោគជ័យ ។
អគ្គស្នងការរងនគរបាលជាតិនាយឧត្តមសេនីយ៍ ហ៊ូ សាគុណ លោកបានមានប្រសាសន៍កោតសរសើរ ដល់នាយនិងពលនគរបាលខេត្ត ដែលបានសហការរួមគ្នាជាមួយអង្គភាពពាក់ព័ន្ធនិងមានការគាំទ្រពីអាជ្ញាធរខេត្ត ក្រុង ស្រុកធ្វើប្រតិបត្តិការណ៍រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងល្អជាពិសេស ដោយមានកិច្ចសហការណ៍របស់ស្ថាប័នតុលាការខេត្តដែលធ្វើឲ្យកម្លាំងនគរបាលក្នុងខេត្តទទួលបាននូវការសំរេចភារកិច្ចជាបន្តបន្ទាប់ផងដែរ។
នាយឧត្តមសេនីយ៍មានប្រសាសន៍ទៀតថា ដោយផ្អែកលើផែនការណ៍ រវាងស្នងការដ្ឋាននគរបាលខេត្តរតនគិរីជាមួយមន្ទីរនគរបាលខេត្តយ៉ាឡាយ ខេត្តកន្ទូម រួមគ្នានៅក្នុងការរក្សាសន្តិសុខសុវត្ថិភាពនៅតាមខ្សែបន្ទាត់ព្រំដែន ក៏ដូចជារួមគ្នាបង្ការចុះទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ បានល្អផងទៀត។
នាយឧត្តមសេនីយ៍ក៏បានថ្លែងអំណរគុណ ចំពោះការជួយឧបត្ថម្ភរបស់ភាគីមិត្ត ពិសេសមន្ទីរនគរបាលខេត្ត យ៉ា ឡាយ និងខេត្តកន្ទូម ដែលបានគាំទ្រលើកទឹកចិត្តដល់កម្លាំងនគរបាលខេត្តរតនគិរី ទទួលបាននូវការសំរេចភារកិច្ចជាពិសេស ការកសាងបាន នូវទីបញ្ជាការនគរបាលមួយ ដែលមានលទ្ធភាពនៅក្នុងការដឹកនាំកងកម្លាំងប្រតិបត្តិការ សំរាប់ការងារការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋខេត្តបានយ៉ាងគាប់ប្រសើរ។
នាយឧត្តមសេនីយ៍ អគ្គសង្នងការងនគរបាលជាតិក៏បានជម្រុញដល់ស្នងការនគរបាលខេត្តរតនគិរី ត្រូវខិតខំបន្ថែមទៀតក្នុងការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការជួញដូរគ្រឿងញៀន សត្វព្រៃនិងបទល្មើសព្រៃឈើជាដើម។ល។ ឲ្យមានប្រសិទ្ធិភាព ទៅតាមគោលការណ៍ក្រសួងមហាផ្ទៃនិងគោលការណ៍របស់ រាជរដ្ឋាភិបាល ដែលបានដាក់ចុះ ឲ្យខាងតែបាន៕