ប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម ថោង ខុនបានបន្តជំរុញ ដល់សហព័ន្ធកីឡាជាតិ ទាំង៣៦ ដែលមានឈ្មោះ ក្នុង បញ្ជីស៊ីហ្គេម ត្រូវពិនិត្យមើលឡើងវិញ អំពីតួនាទីភារកិច្ច ដែលខ្លួនត្រូវ ចូលរួម ជាមួយអូឡាំពិក និងរាជរដ្ឋាភិបាលកម្ពុជា  ព្រោះសហព័ន្ធគឺជាតួអង្គសំខាន់ ឆ្ពោះទៅរកភាពជោគជ័យ នៅស៉ីហ្គេម២០២៣ ។

ការថ្លែងជំរុញបែបនេះ របស់ប្រធាន អូឡាំពិកកម្ពុជា កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ  ក្នុងកិច្ចប្រជុំ ស្ដីពីរបាយការណ៍វឌ្ឍនភាពកីឡាស៊ីហ្គេម SEA Games 2023  ។ កិច្ចប្រជុំនេះ បានធ្វើឡើងដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដូចជា ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងតំណាងសហព័ន្ធកីឡាជាតិអ្នកជំនាញការ លោក Gunter Iangeអ្នកឯកទេសរៀបចំ​ព្រឹត្តិការណ៍កីឡាអន្ដរជាតិ មកពីប្រទេសអាល្លឺម៉ង់ និងលោក Diamilអ្នកឯកទេសផ្នែកកីឡាមកពីប្រទេសសេណេហ្គាល់ ផងដែរ ។លោក Gunter langeបានលើកឡើង ថា ការធ្វើជាម្ចាស់ផ្ទះ មិនមែនជារឿងលេងសើច និងមិនត្រូវធ្វេសប្រហែសនោះទេ ត្រូវមានផែនការច្បាស់លាស់ ពិសេស​ សហព័ន្ធផ្ទាល់ ត្រូវបង្កើតលទ្ធភាព និងរៀបចំផែនការខ្លួនឯង ទោះបីកម្ពុជាមានផែនការ មេស៊ីហ្គេមក៏ដោយ។

ប៉ុន្ដែផ្អែក​លើ​របាយការណ៍ដែលទទួលបានពីសហព័ន្ធកីឡាជាតិកម្ពុជា មានសហព័ន្ធ ចំនួន៣ ប៉ុណ្ណោះ ដែលបានរៀបចំផែនការ រយៈពេល២ឆ្នាំកន្លងមកបាន ក្នុងនោះសហព័ន្ធកីឡាបាល់ទាត់ គុនដាវ និងកីឡាកាយសម្ព័ន្ធ ខណៈសហព័ន្ធផ្សេងៗមិនទាន់ធ្វើនៅឡើយ។ជាមួយនឹងភាពយឺតយ៉ាវក្នុងការរៀបចំរបាយការណ៍របស់សហព័ន្ធកីឡាជាតិ ត្រូវបានឯកឧត្តម រដ្ឋមន្ដ្រី ថោង ខុន ចាត់ទុក ជារឿងធ្វេសប្រហែសរបស់សហព័ន្ធ ដូច្នេះសហពន្ធនីមួយៗ ត្រូវយកចិត្តទុកដាក់ឡើងវិញ។ ទន្ទឹមនិហនោះ ឯកឧត្តម បានទុកពេលឲ្យគ្រប់សហព័ន្ធកីឡា ជាតិទាំង៣៦ ដែលមានឈ្មោះក្នុងបញ្ជីស្រាប់ត្រូវធ្វើរបាយការណ៍ សកម្មភាព ផែនការ ត្រៀមស៊ីហ្គេម និង ផែនការរយៈពេលវែង ឲ្យរួចត្រឹមបំណាចខែមករា ឆ្នាំ២០១៩ខាងមុខនេះ ។

ឯកឧត្តម ប្រធានអូឡាំពិកកម្ពុជាមានប្រសាសន៍ថា បើសហព័ន្ធមិនព្រមធ្វើរបាយការណ៍សកម្មភាព ហិរញ្ញវត្ថុ និងបច្ចេកទេសនោះទេ មានន័យថា សហព័ន្ធមិនបាន​អនុវត្ដន៍តាមផែនការមេស៊ីហ្គេមឡើយ ហើយដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ក៏រាំងស្ទះតាមហ្នឹងដែរ ។ក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ អូឡាំ ពិកកម្ពុជា បានរំឭកជាថ្មីថា ក្នុងផែនការមេស៊ីហ្គេម មានចំណុចសំខាន់ៗជាច្រើន ដែលនិយាយពីការចូលរួម​ របស់សហព័ន្ធ កីឡាជាតិនីមួយៗ ដូច្នេះត្រូវយកចិត្តទុកដាក់ មើលឡើងវិញនូវចំណុច ដែលបានចែងក្នុងផែនការមេស៊ីហ្គេម ឡើងវិញ ដើម្បីលើកយកមកជជែកគ្នា ជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម (CAMSOC) យុទ្ធសាស្ដ្រយកប្រៀប ផែនការដណ្ដើមមេដាយ និងការវាយតម្លៃសហព័ន្ធស្ដង់ដារជាដើម។ ឯកឧត្តមបន្តថា បច្ចុប្បន្នកម្ពុជាមានប្រភេទកីឡា ៣៥ ស្ថិតក្នុងផែនការមេស៊ីហ្គេម តែមិនប្រាកដគ្រប់ប្រភេទកីឡាមានក្នុង បញ្ជីត្រៀមស៊ីហ្គេម សុទ្ធតែបានចូលរួមនោះទេ។

គឺអាស្រ័យលើការខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំកីឡានីមួយៗ ។ទន្ទឹមជាមួយគ្នាឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា  បានលើកចំៗថា មានសហព័ន្ធកីឡាជាតិមួយចំនួន យកផែនការមេស៊ីហ្គេមមកទុកចោល មិនព្រមអនុវតន៍្ត ជាក់ស្ដែងសហព័ន្ធកីឡាខ្លះ ក្រសួងអប់រំខំចំណាយលុយយ៉ាងច្រើន ក្នុងការបណ្ដុះបណ្ដាលថ្នាល តែមកទល់ពេលនេះ ហាក់មិនទាន់ទទួលបានលទ្ធផល អាចឆ្លើយតបនឹងការចំណាយរបស់ក្រសួងបានទេ ផ្ទុយទៅវិញកីឡាករ កីឡាការិនី ថ្នាលបានប្តូមុខរាល់ខែ ។ ឯកឧត្តម បានស្នើសុំឲ្យសហព័ន្ធត្រូវពិចារណាឡើងវិញ ហើយលោកនឹងដឹកនាំមន្ដ្រីជំនាញចុះត្រួតពិនិត្យគ្រប់សហព័ន្ធ ដើម្បីធ្វើ កំណែទម្រង់ និងជំរុញការអភិវឌ្ឍឲ្យមានប្រសិទ្ធភាពឡើងវិញ ៕