ខេត្ត​ព្រះសីហនុ៖ រដ្ឋបាលខេត្ត​ព្រះសីហនុ​ ដឹកនាំ​ លោក​ លី​ វ៉ាន់ដា​ និង​ លោក លី​ ចិត្តនិយម​ នៅ​រសៀលថ្ងៃទី​ ២៤ ខែធ្នូ ឆ្នាំ​ ២០១៨​ បាន​ចុះ​អនុវត្ត​ច្បាប់​រៀបចំ​សណ្ដាប់ធ្នាប់​ ស្រប​តាម​សេចក្ដី​ជូន​ដំណឹង​ដែល​ទើបនិង​ផុត​កំណត់​រយៈ​ពេល​ ៤ថ្ងៃ គឺ​កាលពី​ថ្ងៃទី ២០ ខែ​ធ្នូ​ ឆ្នាំ​ ២០១៨ ដូច​ការលើកឡើង​របស់​ ឯកឧត្ដម​ យន្ត​ មីន​ អភិបាល​ខេត្ត​ព្រះសីហនុ​ កាលពី​ម្សិលមិញ​ថ្លែង​ថា​ រដ្ឋបាលខេត្តប្រើប្រាស់គោលនយោបាយទន់ភ្លន់ គឺធ្វើការអប់រំ ផ្សព្វផ្សាយណែនាំជូនដល់ប្រជាពលរដ្ឋ ម្ចាស់ការដ្ឋានសំណង់នានា ឲ្យមានការចូលរួមសហការជាមួយនឹងអាជ្ញាធរខេត្ត ដើម្បីធានាសុវត្ថិភាពនបរិស្ថានទីក្រុងទេសចរណ៍ ស្រប​ខេត្តមួយនេះ​ជិតដល់ថ្ងៃ​អបអរ​ឆ្លងឆ្នាំ​សកល​ ២០១៨ ឈានចូល​ ២០១៩ កំពុងតែ​ខិតជិតមកដល់​ រដ្ឋបាលខេត្តមានវិធានការណ៍ចំនួនពីរ ៖ ទី១-ការផ្សព្វផ្សាយអប់រំ ណែនាំ ទី២-វិធានការរដ្ឋបាល គឺផាកពិន័យ ឬផ្អាកការដ្ឋានសំណង់ណា ដែលមិនបានចូលរួមតាមការណែនាំរបស់រដ្ឋបាលខេត្ត។

ក្នុង​ការ​ចុះ​អនុវត្ត​នារសៀលថ្ងៃទី ២៤ខែធ្នូនេះ​ បើតាម​លោក​ លី​ ចិត្ត​និយម​ បាន​ឲ្យដឹងថា​ មាន​​ចំនួន​ ៤ ទីតាំង​នៃ​ ការដ្ឋាន​របស់​ជនជាតិ​ចិន​ ក្នុង​នោះ​មាន​ សម្ភារៈ​ជាច្រើន​ត្រូវ​បាន​រឹបអូស​ ក្នុង​ករណី​មិន​គោរព​តាម​គោលការណ៍​របស់​រដ្ឋបាលខេត្ត​ សម្ភារៈ​មាន​ដូចជា​ ម៉ាស៊ីន​ កាត់ដែក​ ពត់ដែក​ និង​ ដែក​សរសៃ​ ដោយ​ប្រើប្រាស់​រថយន្ត​ស្ទូច​យកទៅ​តម្កល់​ទុកនៅ​សាលាខេត្ត​ព្រះសីហនុ​។ នេះជា​ការ​អនុវត្ត​ថ្ងៃទី​៣ហើយ ចំពោះ​ការដ្ឋាន​ដែល​មិន​គោរព​តាម​ថ្ងៃ​​ផុត​ឱសានវាទ​។

បើតាម​លោក​ ស៊្រុន​ ស៊្រន់​ អភិបាលរង​ខេត្តព្រះសីហនុ​ បានថ្លែងកាលពី​ថ្ងៃទី​ ២២ ខែធ្នូ​ ថា​ ការ​ចុះ​អនុវត្ត​នេះ​ មិនមាន​កាល​ផុត​កំណត់នោះទេ​ បើ​ការដ្ឋាន​នៅ​តែ​មាន​ភាព​រញ៉េរញ៉ៃ​ ទុកដាក់​សម្ភារៈ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ចំណី​ផ្លូវ​សាធារណៈ​ទៀត​នោះ​ ក្រុមការងារ​រដ្ឋបាល​ខេត្ត​យើង​នៅតែ​បន្ត​ចាប់យក​សម្ភារៈ​ទាំងនោះ​ រហូត​ដល់​ការដ្ឋាន​ទាំងនេះលែងទុកដាក់សម្ភារៈ​រំលោភ​លើដងផ្លូវ​តទៅទៀត​៕