នៅក្នុងពិធីសម្ពោធ វិមានអនុស្សា វរីយ៍ «នយោបាយឈ្នះ-ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើង សង្គ្រាមនៅក្នុងប្រទេសកម្ពុជា ក្រោម «នយោបាយឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន​ កាលពីថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ២០១៨កន្លងមកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃកម្ពុជា បាន​លេីក​​ពី​ផលប្រយោជន៍ចំនួន​៧​ ដែល​ទទួល​បាន​ពី​នយោបាយ​ ឈ្នះ​ឈ្នះ​ ដែលសម្តេចនាគ្រានោះ បានយកជិវិតធ្វើដើមទុន ដើម្បីចរចាជាមួយភាគីជម្លោះខ្មែរ អំឡុងជិតចុងទស្សវត្សន៍៩០ ធ្វើឱ្យកម្ពុជា មានសុខសន្តិភាព និងការឯកភាពជាតិជាធ្លុងមួយ ឈានដល់ការអភិវឌ្ឍ រហូតមកទល់បច្ចុប្បន្ននេះ ។

ផលប្រយោជន៍ទាំង៧ចំណុចនោះ រួមមាន ទី​១​ កម្ពុជា បានបញ្ចប់សង្គ្រាមប្រដាប់អាវុធទាំងស្រុង ដោយលែងមានតទៅទៀតហើយ នៅក្នុងប្រទេសកម្ពុជា។ ទី២​ ដំណើរការ នៃការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសកម្ពុជា នៅតំបន់គ្រប់គ្រង ដោយអតីតខ្មែរក្រហម ចាប់ពីដើមឆ្នាំ ១៩៩៦ ដល់ចុងឆ្នាំ១៩៩៨ គឺមិនមានការ​ប្រើប្រាស់អាវុធ ហើយក៏មិនមានមនុស្សស្លាប់ ដោយគ្រាប់កាំភ្លើងដែរ។ ទី៣​ ជាប្រវត្តិសាស្ត្រ នៃការឯកភាពទឹកដី បញ្ចប់នូវតំបន់ត្រួតត្រាច្រើន មកជាតំបន់ត្រួតត្រាតែមួយ មានព្រះមហាក្សត្រតែមួយ​ មានរដ្ឋធម្មនុញ្ញតែមួយ មានរាជរដ្ឋាភិ​បាល​​តែមួយ និងមានកងកម្លាំងតែមួយ ដែលបានធ្វើឲ្យប្រទេសកម្ពុជាទទួលបាននូវការបង្រួបបង្រួមជាតិ សន្តិ​ភាព និងទទួលបាននូវការអភិវឌ្ឍគ្រប់វិស័យ។ ទី៤​ ប្រជា ពលរដ្ឋ ដែលរស់នៅជិតតំបន់សមរភូមិប្រយុទ្ធ និងទីកន្លែងសមរភូមិក្តៅ លែងមានការព្រួយបារម្ភ រឿងសង្គ្រាម និងលែងព្រួយបារម្ភ រស់នៅព្រាត់ប្រាស់គ្នារវាងប្តី ប្រព​ន្ធ និងកូន ចៅ តទៀតហើយ។

ទី៥​ កម្ពុជា គឺជាប្រទេស ដែលទទួលបានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ដែលបានឈានពីប្រទេសក្រីក្រ ទៅជាប្រទេសដែលមានប្រាក់ ចំណូលមធ្យម កំរិតទាប និងឆ្ពោះ ទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យម កំរិតខ្ពស់ នៅឆ្នាំ២០៣០ ហើយនឹងឆ្ពោះ ទៅកាន់ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០។ បន្ថែមពីនេះ ក្រោយពីបញ្ចប់សង្រ្គាម គឺសម្តេចបានដាក់ចេញនូវយុទ្ធសាស្ត្រ ២សំខាន់ ក្នុងការអភិវឌ្ឍប្រទេស គឺប្រែក្លាយតំបន់សមរភូមិក្តៅ ទៅជាតំបន់អភិវឌ្ឍន៍ និងតំបន់ទីផ្សារ និង ប្រែក្លាយតំបន់ព្រំដែន ជាមួយប្រទេសជិតខាង ឲ្យទៅជាតំបន់ដែលមានសន្តិភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ។ ទី៦​ ដោយសារការខិតខំប្រឹងប្រែង របស់សម្តេចតេជោ ហ៊ុន សែន គឺប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ តាមរយៈកិច្ចប្រជុំអន្តរជាតិសំខាន់ៗជាច្រើន ដូចជា EMEC, CLMV និង CLV ជាដើម។

ទន្ទឹមនឹងនេះ កម្ពុជាក៏ធ្លាប់បានទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងត្រៀមខ្លួនទទួលធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអន្តរជាតិជាច្រើនទៀត។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានបញ្ជូនកងទ័ពទៅចូលរួមរក្សាសន្តិ​ភាព ជាមួយអង្គការសហប្រជាតិផងដែរ។ និងអត្ថប្រយោជន៍ទី៧ ក្រោយពេលបញ្ចប់សង្គ្រាមភ្លាម គឺមានពាណិជ្ជ​ករ និងអ្នកវិនិយោគគិនជាច្រើន មកវិនិយោគនៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់ ជាពិសេសចំនួនភ្ញៀវទេសចរ គឺកើនឡើងជារៀងរាល់ឆ្នាំ។
ពីវេទិកា សម្តេចតេជោ ហ៊ុន សែន បានយកឱកាសនោះឧទ្ទិសសមិទ្ធិផលនេះ ដល់ជនរួមជាតិទាំងអស់ ដែលបានទទួលបានផល ពីនយោបាយឈ្នះឈ្នះនេះ ដោយសម្តេចបញ្ជាក់ថា នយោបាយឈ្នះឈ្នះនេះ ជារបស់រួមរបស់កម្ពុជា បើទោះបីមានជនខ្លះបានបដិសេធ តែពួកគេ ក៏កំពុងទទួលបានសមិទ្ធិផល នៃនយោបាយឈ្នះឈ្នះនេះផងដែរ។ ដូច្នេះក្នុងន័យនេះសម្តេចនាយករដ្ឋមន្ត្រី បានបួងសួងសូមឲ្យសមិទ្ធិផល ដែលកើតចេញពីនយោបាយឈ្នះឈ្នះនេះ បន្តស្ថិតនៅគង់វង្សជាអមតៈ និងស្ថិតក្នុងស្មារតី នៃការចងចាំ របស់ជនជាតិខ្មែរគ្រប់តរៀងទៅ និងសូមឲ្យយុវ​ជនជំនាន់ក្រោយ រួមគ្នាថែរក្សាការពារសុខសន្តិភាព ដែលសម្ដេច រកបានដោយលំបាក ដោយការយកជីវិតធ្វើដើមទុននេះ ឲ្យបានស្ថិតស្ថេរគង់វង្ស រឹងមាំយូរអង្វែង មិនថាជំនាន់នេះ ឬជំនាន់ក្រោយក្រោយនោះទេ៕