ខេត្តព្រះសីហនុ ៖ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ ខែកញ្ញា គ.ស.២០១៩ នាវាចម្បាំងកងទ័ពជើងទឹកប្រទេសឥណ្ឌាចំនួន ២គ្រឿង បានចូលចតកំពង់ផែក្រុងព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចជាមិត្តភាពរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃ ៥ ដល់ ៨ ខែកញ្ញា ឆ្នាំ២០១៩ ពង្រឹងកិច្ចសហប្រតិបត្ដិការយោធាល្អរវាងប្រទេសទាំងពីរ (កម្ពុជា-ឥណ្ឌា)។

លោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាករងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម និយាយថា ជារៀងរាល់ឆ្នាំប្រទេសកម្ពុជា តែងតែទទួលនូវការធ្វើទស្សនកិច្ចផ្លូវការរបស់កងទ័ពនៃកងនាវាបរទេស ក្នុងនោះមានប្រទេសឥណ្ឌាផងដែរ។ ថ្ងៃនេះ នាវាចម្បាំងកងទ័ពជើងទឹកឥណ្ឌាទាំង ២គ្រឿង មកដល់កំពង់ផែ គឺមានការទទួលស្វាគមន៍រាក់ទាក់ពីលោកឧត្តមនាវីទោ នាយនាវី នាយនាវីរងកងទព័ជើងទឹកមូលដ្ឋានសមុទ្រជាច្រើនរូបផងដែរ។ ក្នុងរយៈពេលបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា មេបញ្ជាការនាវា នឹងមានជំនួបលក្ខណៈមិត្តភាពជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី ៥ ខែកញ្ញាឆ្នាំ នេះ និងជំនួបជាមួយមេបញ្ជាការកង ទព័ជើងទឹក និងមានកម្មវិធីកិច្ចសហប្រតិបត្តិការមួយចំនួនទៀតរវាងកងទព័ជើងទឹកកម្ពុជា និងកងនាវិកកងទ័ពឥណ្ឌានៅលើនាវា ដើម្បីបង្ហាញអំពីការរឹតចំណងសាមគ្គីភាព រវាងប្រទេសទាំងពីរ នៅក្នុងតំបន់និងនៅលើឆាកអន្តរជាតិ។ ក្រៅពីនោះ កងទ័ពជើងទឹកឥណ្ឌាក៏បានធ្វើទស្សនកិច្ច នៅតាមតំបន់ប្រាសាទក៏ដូចជារមណីយដ្ឋាននានាក្នុងក្រុងនៃខេត្តព្រះសីហនុ។

លោកបន្ដថា ក្នុងដំណើរចូលចតរបស់នាវាចម្បាំងកងទ័ពជើងទឹកឥណ្ឌាទាំង ២គ្រឿង រួមមាន៖ ទី១-ឈ្មោះ INS KILTAN ជាប្រភេទនាវាប្រឆាំងនាវាមុជទឹក មានបណ្តោយប្រវែង ១១២ម៉ែត្រ ទទឹងប្រវែង ១២,៨ម៉ែត្រ ជម្រៅទឹក ៧ម៉ែត្រ ទម្ងន់ផ្ទុក៣.១៥០តោន។ និងនាវាទី២-ឈ្មោះ INS SAHYADRI ជាប្រភេទនាវាចម្បាំងបំពាក់មីស៊ីល មានបណ្តោយប្រវែង ១៤៣ម៉ែត្រ ទទឹងប្រវែង ១៧ម៉ែត្ត ជម្រៅទឹក ៧ម៉ែត្រ ទម្ងន់ផ្ទុក ៦.២០០តោន និងមាននាវិកសរុបទាំងអស់ចំនួន ៥០៨នាក់ ដឹកនាំដោយ លោកវរនាវីឯក Ashwin Arvind។