ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីក្នុង ពិធីបិទសន្និសីទប្រចាំឆ្នាំលើកទី២ ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនឧបត្ថម្ភ ដៃគូអភិវឌ្ឍន៍ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត និងប្រជាពលរដ្ឋ។ថ្លែងទៅកាន់អង្គសន្និសីទទាំងមូល ឯកឧត្ដមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ ២០១៨ បានបណ្ដាលឱ្យមនុស្សស្លាប់ប្រមាណ ១៨០០នាក់ ស្មើនឹងប្រហែល ៥នាក់ ក្នុងមួយថ្ងៃ បណ្ដាលឱ្យរដ្ឋខាតបង់ថវិកាប្រមាណ៣៥០លានដុល្លារក្នុងមួយឆ្នាំ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីការប្រើប្រាស់មធ្យោបាយ យុទ្ធសាស្ត្រ និងនីតិវិធី រួមមាន៖ ការតាក់តែងលិខិតគតិយុត្ត ការអប់រំ ការបំពាក់ផ្លាកសញ្ញា ភ្លើងសញ្ញា ការចែកមួកសុវត្ថិភាព ការជួសជុលថែទាំផ្លូវ ការពង្រីកផ្លូវ ការអភិវឌ្ឍកម្មវិធីយល់ដឹងពីទ្រឹស្ដីនៃការបើកបរដែលអាចប្រើប្រាស់បាននៅលើទូរសព្ទស្មាតហ្វូន និងការរឹតបន្តឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេសជាដើម ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ ឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បានលើកឡើងផងដែរនូវទិសដៅបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាគណៈកម្មាធិការជាតិសុវត្ថិភាពចរារចណ៍ផ្លូវគោកក្នុងការធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ ចែកមួក បំពាក់ផ្លាកសញ្ញា បិទចំណាំងផ្លាត ជួសជុលថែទាំផ្លូវ ពង្រីកផ្លូវ និងចាក់បញ្ចាំងវីដេអូឃ្លីបអប់រំនៅតាម ហាងលក់ម៉ូតូ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស។ ជាងនេះទៅទៀត ក្រសួងមានវិធានការតឹងរឹងមួយចំនួនផងដែរដូចជា៖ ការដាក់កាមេរ៉ាតាមផ្លូវដើម្បីចាប់ល្បឿនរថយន្តដែលបើកបរលើសល្បឿនកំណត់  ការល្បាតឆ្មក់ពេលយប់នៅតាមដងផ្លូវ ការធ្វើវិសោធនកម្មច្បាប់ចរាចរណ៍សំដៅរឹតបន្តឹងច្បាប់លើជនរំលោភច្បាប់ចរាចរណ៍ផ្លូវគោកជាដើម ក្នុងគោលបំណងតម្រែតម្រង់ឱ្យបងប្អូនប្រជាពលរដ្ឋគេចផុតពីគ្រោះថ្នាក់ចរាចរណ៍។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានសម្តែងអំណរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន អង្គការ ដៃគូអភិវឌ្ឍនានា ដែលបានឧបត្ថម្ភគាំទ្រដល់យុទ្ធនាការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងបានស្នើឱ្យបន្ត ឧបត្ថម្ភគាំទ្របន្ថែមទៀត ដើម្បីឱ្យក្រសួងនិងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានលទ្ធភាពគ្រប់គ្រាន់ក្នុងការអនុវត្តយុទ្ធនាការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី “ថ្ងៃនេះ ថ្ងៃស្អែក សូមកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”៕