(កំពង់ធំ)៖  ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ បានប្តេជ្ញាចិត្តរួមគ្នា ដើម្បីជួយជំរុញដល់ការអភិវឌ្ឍសិប្បកម្មផលិតគ្រាប់ស្វាយចន្ទី និងតម្បាញវល្លិ៍រពាក់ នៅប្រាសាទសំបូរព្រៃឲ្យរីកចម្រើនឡើង ក្នុងគោលដៅលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាសហគមទេសចរណ៍សំបូរព្រៃគុក ។

បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ លោក សេង អាន  បានឲ្យដឹងថា សហគមន៍បកគ្រាប់ស្វាយចន្ទី  បានចូលរួមជួយបណ្តុះបណ្តាលដល់សហគមន៍ផ្សេងៗ ដូចជានៅខេត្តព្រះវិហារ រតនគិរី និងខេត្តកំពង់ធំ ។ សកម្មភាពទាំងអស់នេះបានធ្វើឲ្យវិស័យឯកជនមួយចំនួន ចាប់ដៃគូសហការ សម្រាប់សង្វាក់ផលិតកម្មបកគ្រាប់ស្វាយចន្ទីក្រុមហ៊ុនអាល្លឺម៉ង់ និងក្រុមហ៊ុនថៃ រយៈពេល៥ឆ្នាំទៅមុខបន្តទៀត។

លោកបន្តថា ត្បិតសហគមន៍មានលទ្ធភាពអាចបកគ្រាប់ស្វាយចន្ទីតាមការទទួលយករបស់ក្រុមហ៊ុនដៃគូដោយ តែសមាគមន៍ត្រូវការទុនវិនិយោគបន្ថែម សម្រាប់ទិញគ្រាប់ស្វាយចន្ទីមកស្តុកទុកក្នុងឃ្លាំង ដើម្បីបង្កើនការងារក្នុងសិប្បកម្ម បកគ្រាប់ស្វាយចន្ទីឲ្យបានជាប់ជាប្រចាំ ។

 

ដោយមើលឃើញពីតម្រូវការជាក់ស្តែង របស់ប្រជាសហគមន៍ខាងលើ ឯកឧត្តម  ថោង ខុន បានដាក់បញ្ហានេះឲ្យមន្ត្រីទទួលបន្ទុក គឺនាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ត្រូវចុះជួយសម្រួលមធ្យោបាយ ជូនប្រជាសហគមន៍ធ្វើឲ្យបានសម្រេច ព្រមសន្យាជួយបង្កើនទុនវិនិយោគដល់សហគមន៍ សម្រាប់ពង្រីកសកម្មភាពសិប្បកម្មបន្ថែមផងដែរ ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី នឹងឯកឧត្តម អភិបាលខេត្តកំពង់ធំ  បានធ្វើការប្ដេជ្ញាចិត្តជួយជំរុញ ការអភិវឌ្ឍសិប្បកម្មផលិតគ្រាប់ស្វាយចន្ទីនេះឱ្យបានសម្រេចជាផ្លែផ្កា។ ថ្នាក់ដឹកនាំទាំងពីរ ក៏ជំរុញឲ្យមន្ត្រីពាក់ព័ន្ធយកចិត្តទុកដាក់ ចំពោះសិប្បកម្មផលិតស្ករត្នោត ទឹកសណ្តែក តម្បាញក្រមាសូត្រ ផ្ទះស្នាក់ មគ្គុទ្ទេសក៍ទេសចរណ៍ សេវាលក់ម្ហូបអាហារនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋនៅតំបន់ប្រាសាទសំបូរព្រៃគុកខិតខំដាំដុះដំណាំ ចិញ្ចឹមសត្វ ដើម្បីបម្រើដល់តម្រូវការភ្ញៀវទេសចរ។ ប៉ុន្តែសូមបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ចំពោះអនាម័យស្អាត ដើម្បីអន្ទងចិត្តភ្ញៀវឲ្យមកទស្សនាតំបន់ប្រាសាទសំបូរព្រៃគុក នាពេលក្រោយៗទៀត ហើយរួមគ្នាផ្សព្វផ្សាយពីគោលដៅទេសចរណ៍ក្នុងតំបន់នេះទៅកាន់ទេសចរផង៕