សាខាកក្រកខេត្តរតនគិរី ៖  នៅព្រឹកថ្ងៃចន្ទ១១ កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ២០១៩ នេះ   សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បានបើកយុទ្ធនាការផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ ក្រោមអធិបតីភាព ឯកឧត្តម គិត ទ្រី អនុប្រធានគណៈកម្មាធិការសាខា មានអ្នកចូលរួមប្រមាណ ៣៥០ នាក់ ពីធិនេះធ្វើឡើងនៅសាលមហោស្រពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

ថ្លែងក្នុងឱកាសបើកយុទ្ធនាការនេះ ឯកឧត្តម   បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករលឹក និងសូមកោតសរសើរចំពោះ មន្ត្រីរាជការមន្ទីរជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ ទីប្រឹក្សាយុវជន ក្មួយៗយុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិ យុវជន  សសយក យុវជន សយសស ដែលបានចូលរួមដោយស្ម័គ្រចិត្តប្រកបដោយស្នាមញញឹមក្នុងយុទ្ធនាការផ្សព្វផ្សាយសារអំពីសុវត្ថិភាពចរាចរណ៍ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជាពលរដ្ឋតាមដងផ្លូវឱ្យរួចផុតពីសេចក្តីស្លាប់ ពិការភាព និងរងរបួសដោយសារឃាតករលាក់មុខគឺគ្រោះថ្នាក់ចរាចរណ៍ដែលជាគ្រោះមហន្តរាយបង្កឡើងដោយមនុស្ស ជាពិសេសក្នុងឱកាសបុណ្យភ្ជុំ បិណ្ឌខាងមុខនេះ។

បន្ទាប់ពីអង្គមិញទ្ទិញ ក្នុងសាលមហោស្រព គណៈអធិបតី និងអ្នកចូលរួមទាំងអស់បានធ្វើយុទ្ធនាការហែរក្បួនជុំវិញក្រុងបានលុង និងមានសួរជាសំណួរ-ចម្លើយ ផ្តល់មួកសុវត្ថិភាពដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវដែលមិនពាក់មួកសុវត្ថិភាព នៅរង្វង់មូលផ្សារបានលុង និងសារអប់រំមួយចំនួនដូចខាងក្រោម៖

១/ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺផ្លូវ។

២/ សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករមិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល។

៣/ ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត។

៤/ ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមរថយន្ត។

៥/ ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។

៦/ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត។

៧/ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀនជាដាច់ខាត។

៨/ មិនត្រូវបត់ ឬវ៉ាជែង ក្នុងភាពប្រថុយប្រថាន ឬធ្វេសប្រហែស។

៩/ មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត និងត្រូវមានអ្នកបើកបរបម្រុងសម្រាប់ប្តូរវេន។

១០/ ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យ។១១/ ហាមការបាចទឹកលើអ្នកធ្វើដំណើរតាមដងផ្លូវ ។

នៅក្នុងយុទ្ធនាការនេះ គណៈអធិបតីបានបំពាក់មួកសុវត្ថិភាពដល់ធ្វើដំណើរ ដែលមិនបានពាក់មួកចំនួន ៩០នាក់  ព្រមទាំងចែកខិតបណ្ណផ្សព្វផ្សាយជាច្រេីនរយសន្លឹកផងដែរ  ដែលបានការឧបត្ថម្ភពីកាកបាទក្រហមកម្ពុជា  និងមន្ទីរសាធារណការណខេត្ត៕គឹមសុវណ្ណរិទ្ធ