ឯ.ឧ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អមដំណើរដោយមន្ត្រីជំនាញ និងអាជ្ញាធរដែនដីនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចុះមកធ្វើការត្រួតពិនិត្យទីតាំងច្រាំងទន្លេមួយកន្លែង ដែលទទួលរងការបំផ្លាញដោយទឹកជំនន់នៅក្នុងភូមិរនៈ ក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ការចុះមកធ្វើការត្រួតពិនិត្យលើទីតាំងខាងលើនេះ គឺក្នុងគោលបំណង ដើម្បីទប់ស្កាត់ធ្វើយ៉ាងណាកុំឲ្យច្រាំងទន្លខាងលើ មានការបាក់ស្រុតបន្តទៀត។
បើតាមការបញ្ជាក់ពីអាជ្ញាធរសង្កាត់កោះដាច់ បានឲ្យដឹងថា ច្រាំងទន្លេ ដែលទទួលរងការបាក់ស្រុតនេះ បានកើតឡើងប្រមាណជាពីរទៅបីថ្ងៃមកហើយ ពោលគឺខណៈដែលជំនន់ទឹកទន្លេ បានហក់ឡើងយ៉ាងគង្ហុកនារយៈពេលប៉ុន្មានថ្ងៃនេះ ហើយទំហំនៃការបាក់ស្រុតនេះ មានប្រវែងប្រមាណ២០ម៉ែត្រ។
ឯ.ឧ ឃួង ស្រេង ក្នុងឱកាសនោះបានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីជំនាញ ដែលចុះមកដល់ទីតាំងនេះធ្វើយ៉ាងណាដាក់បាវខ្សាច់ ជាមួយនឹងថ្មទម្លាក់ចូលទៅក្នុងច្រាំងទន្លេ ដែលបាក់ស្រុតដើម្បីទប់ស្កាត់កុំឲ្យបាក់បន្តទៀត។ ឯ.ឧ ឃួង ស្រេង បានបញ្ជាក់ផងដែរថា ជាជំហាន ដែលយើងត្រូវអនុវត្តនេះ គឺយើងចាប់ផ្ដើមធ្វើការបោះបង្គោលទប់ដីកុំឲ្យហូរទៅបាតទន្លេរួមនឹងការចាក់ថ្ម ដាក់បាវខ្សាច់ចូលទីកន្លែងដែលបាក់ស្រុតនេះ ជាមួយនិងការបញ្ជូនសាឡង់មួយគ្រឿង ដើម្បីដាក់ខ្សាច់មកចាក់នៅទីតាំងខាងលើនេះផងដែរ សំដៅធ្វើយ៉ាងណាកុំ ឲ្យមានការបាក់ច្រាំងបន្តទៀត ដោយសារតែច្រាំងទន្លេនេះនៅជាប់នឹងផ្លូវបេតុងរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិនេះតែម្ដង។ អ្វីដែលជាគោលការណ៍ខាងមុខ នៅពេលទឹកស្រករដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើការបុកស៊ីផាយនៅទីតាំងខាងលើនេះបន្ថែមទៀត ដើម្បីបង្ការទប់ស្កាត់នូវការបាក់ស្រុតច្រាំងទន្លេនេះនៅឆ្នាំក្រោយៗទៀត។
ពាក់ព័ន្ធនិងការបម្រើសេវាជូនប្រជាពលរដ្ឋខាងលើនេះ ឯ.ឧ ឃួង ស្រេង តាមដាននិងបញ្ជាផ្ទាល់នៅទីតាំងកើតហេតុជាច្រើនម៉ោង ដើម្បីឲ្យការទប់ច្រាំងទន្លេនេះទទួលបានជោគជ័យ បំបាត់នូវភាពភ័យខ្លាចរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានសង្កាត់កោះដាច់នេះ។
ក្រោយពីចុះធ្វើការត្រួតពិនិត្យទីតាំងច្រាំងទន្លេនៅក្នុងភូមិរនៈ ក្នុងសង្កាត់កោះដាច់រួចមកលោកអភិបាលរាជធានី បានបន្តដឹកនាំមន្ត្រីជំនាញចុះមកធ្វើការត្រួតពិនិត្យច្រាំងទន្លេមួយកន្លែងទៀតនៅក្នុងភូមិខ្ទរ ក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា ដែលទីតាំងនេះក៏បានទទួលរងការគម្រាមកំហែងដោយការបាក់ច្រាំងទន្លេផងដែរ ខណៈដែរវិស័យឯកជនបានកំពុងតែចាក់ដី ថ្មចូលច្រាំងទន្លេដើម្បីបង្ការកុំអោយបាក់ចូលភូមិដ្ឋានរបស់ពួកគាត់។ ទោះបីជាយ៉ាងណាក្តីពាក់ព័ន្ធនឹងបញ្ហានេះ លោកឃួង ស្រេងបានបញ្ជាក់ថា រដ្ឋបាលរាជធានីគាំទ្រចំពោះការបង្ការនិងទប់ស្កាត់កុំអោយបាក់ច្រាំងទន្លេនេះ តែសុំអោយបងប្អូនប្រជាពលរដ្ឋសុំច្បាប់មករដ្ឋបាលរាជធានី នោះរដ្ឋបាលរាជធានីនិងអនុញ្ញាតិច្បាប់ជូដើម្បីអោយការចាក់ថ្ម ដីចូលច្រាំងទន្លេនេះមានលក្ខណៈត្រឹមត្រូវតាមច្បាប់៕