ខេត្តបាត់ដំបង; នៅវេលាម៉ោង១៤និង២០នាទី ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០១៩នេះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុករតនះមណ្ឌលបានចុះអនុវត្តចាប់ខ្លួនពិរុទ្ធជនម្នាក់នៅចំណុចលើដងផ្លូវ ស្ថិតនៅភូមិដូនមាយ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។
លោកវរសេនីយ៍ត្រី កង សុផាន់ណា នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះដែរបានធ្វើឡើងដោយអនុវត្តតាមដីកាបង្គាប់អោយចាប់ខ្លួនពិរុទ្ធជនលេខ២៤៩ ត.ព្រ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ របស់ លោក រ៉ែម សុភក្តិប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបង ។

ហើយពិរុទ្ធជនដែលត្រូវចាប់ខ្លួនឈ្មោះ មាស ភារម្យ ហៅខួច ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅក្នុងភូមិដូនមាយ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបងដោយចោទប្រកាន់ពីបទ(រំលោភសេពសន្ថវះ )ដែលជនសង្ស័យខាងលើបានប្រព្រឹត្តនៅចំណុចភូមិដូនមាយ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបងកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨តាមបញ្ញត្តិមាត្រា២៣៩ នៃក្រមព្រហ្មទណ្ឌ។

ក្រោយធ្វើការអនុវត្តរួចរាល់ ពិរុទ្ធជនខាងលើត្រូវបានការិយាល័យជំនាញកំពុងរៀបចំសំណុំឯកសារដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ។ ដោយ រៀម សាលី