(កំពត)៖ មន្ដ្រីនគរបាលពាក់ស័ក្ដិ ២ម្នាក់ និងបក្ខពួក ៩នាក់ផ្សេងទៀត ត្រូវបានកម្លាំងនគរបាលខេត្តកំពតចាប់ឃាត់ខ្លួន បន្ទាប់ពីប្រើប្រាស់អំពើហិង្សាទៅលើកម្មករចាក់សាំងឡានម្នាក់ នៅស្ថានីយ៍ប្រេងឥន្ទនៈតូតាល់ ដែលស្ថិតក្នុងភូមិក្រាំង សង្កាត់ក្រាំងអំបិល ក្រុងកំពត ខេត្តកំពត។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រាប់បណ្ដាញព័ត៌មានឲ្យដឹងនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះថា ដើមហេតុដំបូងផ្ដើមចេញពី មន្ដ្រីនគរបាលម្នាក់ រួមជាមួយបក្ខពួក៩នាក់ផ្សេងទៀត ជិះរថយន្ដ២គ្រឿង បានចូលទៅចាក់សាំងនៅស្ថានីយ៍ប្រេងខាងលើ ដោយមន្ដ្រីនគរបាលនោះ ប្រាប់អ្នកចាក់សាំងឲ្យចាក់ចំនួន៥០ដុល្លារ។

ក្រោយមកចាក់បានត្រឹមតែ ៤៤ដុល្លារប៉ុណ្ណោះ ឡានរបស់មន្ដ្រីនគរបាលនោះក៏ពេញមិនអាចចាក់ទៀតបាន ហើយភ្លាមនោះ ក្រុមជនបង្កបានឲ្យអ្នកចាក់សាំងយកប៊ីដុង មកចាក់បន្ថែមឲ្យគ្រប់ចំនួន៥០ដុល្លារ តែដោយសារខាងស្ថានីយប្រេងមិនមានប៊ីដុងដើម្បីចាក់បន្ថែមនោះ ស្រាប់តែក្រុមជនបង្កប្រើប្រាស់ហិង្សាទៅលើជនរងគ្រោះទាំងកម្រោល។

លោកស្នងការបានបញ្ជាក់ទៀតថា ក្រុមជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានចំនួន១០នាក់នោះរួមមាន÷

ទី១/ឈ្មោះ សួន តុសិតពិទូរ្យ អាយុ៣០ឆ្នាំ មុខរបរនគរបាលនាយរងផ្នែក នៃនាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់ មានទីលំនៅភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី១ ក្រុងតាខ្មៅ ខេត្តកណ្តាល (ជាជនដៃដល់),

ទី២/ឈ្មោះ សេង សុភត្រ្តា អាយុ២០ឆ្នាំ មុខរបរនិស្សិត មានទីលំនៅភូមិទួលរកា សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ទី៣/ឈ្មោះ កាន់ សេងហ៊ុយ អាយុ២០ឆ្នាំ មានទីលំនៅព្រែកតាគង់ សង្កាត់ចង្រអង្រែលើ ខណ្ឌមានជ័យ

រាជធានីភ្នំពេញ។

ទី៤/ឈ្មោះ គឹម ចិន អាយុ២២ឆ្នាំ មុខរបរជាងឡាន មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ទី៥/ឈ្មោះ ថៃ បញ្ញា អាយុ២២ឆ្នាំ មុខរបរជាងឡាន នៅរាជធានីភ្នំពេញ, ទី៦/ឈ្មោះ សុទ្ធ ចំរើន អាយុ២៨ឆ្នាំ, ទី៧/ឈ្មោះ ឃីម ស្រីតូច ភេទស្រី អាយុ២៦ឆ្នាំ នៅខេត្តកំពង់ចាម,

ទី៨/ឈ្មោះ ហេង ស្រីលាភ ភេទស្រី អាយុ២៩ឆ្នាំ នៅរាជធានីភ្នំពេញ,

ទី៩/ឈ្មោះ រ័ត្ន ដាលីន ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិដីឡូ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម

និងទី១០/ឈ្មោះ ហេង សុភើន ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិស្វាយឫស្សី ឃុំដូនកែវ ក្រុងតាកែវ ខេត្តតាកែវ។  ចំណែកឯជនរងគ្រោះមានឈ្មោះ ម៉ុន រ៉ាម៉ន ភេទប្រុសអាយុ១៨ឆ្នាំ រងរបួសពកថ្ងាសខាងឆ្វេង និងបែកក្បាលផ្នែកខាងក្រោយមួយកន្លែង។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ក៏បានបញ្ជាក់ថា ក្រោយសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យខាងលើ  ស្រាប់តែសមត្ថកិច្ចបានប្រទះឃើញគ្រឿងញៀនចំនួន៨កញ្ចប់ដែលពួកគេលាក់ទុក នៅតាមខ្លួនផងដែរ។ បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្ដតាមនីតិវិធីច្បាប់៕