(ត្បូងឃ្មុំ)៖ គ្រាដែលទឹកជំនន់ទន្លេមេគង្គនៅខេត្តត្បូងឃ្មុំ បន្តហក់ឡើងលើសកម្រិតប្រកាសអាសន្ន ដែលបណ្ដាលឱ្យប៉ះពាល់ដល់ស្រុកចំនួន៣ក្នុងនោះមានស្រុកក្រូចឆ្មារនិងស្រុកត្បូងឃ្មុំបានរងផលប៉ះពាល់ខ្លាំងជាងគេជាង១ពាន់គ្រួសារ។
ចំណែកឯ ស្រុកអូរាំងឪ ក៏បានទទួលរងផលប៉ះពាល់ទឹកជន់លិចចូលផ្ទះប្រជាពលរដ្ឋចំនួន៣៤គ្រួសារ នៅក្នុងភូមិចំនួន២ ក្នុងឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។
ក្រោយទទួលដំណឹងភ្លាមៗ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកជំទាវ រួមជាមួយសហការី និងអាជ្ញាធរស្រុក បានចុះទៅមើលស្ថានភាពទឹកជំនន់ជន់លិចព្រមទាំងសំណេះសំណាល ក៍ដូចជានាំយកអំណោយសាខាកាកបាទក្រហមខេត្តទៅផ្ដល់ជូនបងប្អូនទាំង៣៤គ្រួសារ ដើម្បីជួយសម្រួលតម្រូវការចាំបាច់ជាក់ស្ដែង។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទ សោភ័ណ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវបង្កេីនការប្រុងប្រយ័ត្នខ្ពស់ ត្រូវថែរក្សាសុខភាពរបស់ខ្លួនអោយជៀសផុតពីជំងឺផ្សេងៗ ដែលបណ្តាលមកពីការខ្វះអនាម័យ ជាពិសេសត្រូវប្រយ័ត្នក្មេងតូចៗ និងមនុស្សចាស់ ដែលគ្រោះថ្នាក់ដោយសារលង់ទឹក ។មួយវិញទៀត ត្រូវប្រុងប្រយ័ត្នចំពោះសត្វអសិរពិស បើសិនមានតិច ឬខាំ ត្រូវបញ្ជូនទៅមណ្ឌលសុខភាព ឬក្រុមគ្រូពេទ្យ នៅជិតបំផុត ដោយរដ្ឋបាលខេត្តបានរៀបចំនៅតាមទីតាំងទីទួលសុវត្ថិភាពពេញ ២៤ម៉ោង។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៍បានផ្តាំផ្ញើដល់អាជា្ញធរស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ។បើតាមលោក រស់ សុខន នាយកសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ឲ្យដឹងថា អំណោយចែកជូននៅពេលនោះ ក្នុងមួយមួយគ្រួសារៗទទួលបាន គ្រឿងឧបភោគបរិភោគ និងថវិការ៣មុឺនរៀលផងដែរ។ តាប៉ៃលិនត្បូងឃ្មុំ