ខេត្តស្វាយរៀង ៖នារសៀលថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៩ ជនសង្ស័យ៦នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខេត្តបញ្ជួនទៅសាលាដំបូងខេត្តស្វាយរៀងពាក់ពន្ធ័ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន។

បើតាមសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថាសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបាវិត សហការជាមួយមន្ទីរយុត្តិធម៌ ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងទទួលផែននគរបាលយុត្តិធម៌កងរាជអាវុធហត្ថខេត្តស្វាយរៀង បានចុះបង្រ្កាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន នៅចំណុចភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ ។

ជនសង្ស័យដែលឃាត់ខ្លួនមកសាកសួរមានឈ្មោះ ទី១.ឈ្មោះ ទេព ចន្នា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ទី២.ឈ្មោះ ទេព ដា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ទី៣.ឈ្មោះ ភោគ វីវ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ទី៤.ឈ្មោះ លូ រតនា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ និងទី៥.ឈ្មោះ អ៊ុ វុទ្ធី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ប្រភពបន្តថា ក្រោយពីសាកសួរជនសង្ស័យទាំង៥នាក់រួចមក ក្នុងនោះឈ្មោះ អ៊ុ វុទ្ធី បានប្រាប់ថាខ្លួនទិញថ្នាំញៀនពីឈ្មោះ កាលីតឌូ រស់នៅភ្នំពេញ។ក្រោយមកសមត្ថកិច្ច ក៏បានធ្វើការពន្លាតដែនដី ដើម្បីស្រាវជ្រាវចាប់ខ្លួនបាន ឈ្មោះ រុន រស្មី ហៅកាលីតឌូ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុច២៣តុលា ស្ថិតនៅភូមិ១៦ ក្រុម១២១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

បន្ទាប់ពីចាប់ខ្លួន ឈ្មោះ រុន រស្មី ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ និងមានទីលំនៅសង្កាត់ទឹកល្អក៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ សមត្ថកិច្ចបានចាប់យកវត្ថុតាង រួមមានៈ ម្ស៉ៅក្រាមពណ៌ថ្លាចំនួន ០៧កញ្ចប់ មានទម្ងន់ ២២.១ក្រាម (គិតទាំងសំបកវេចខ្ចប់ ) ថ្នាំគ្រាប់ពណ៌ផ្កាឈូក ចំនួន ៨៨គ្រាប់មានទម្ងន់ ១០.៦៧ក្រាម (គិតទាំងសំបកវេចខ្ចប់ ) ម៉ូតូចំនួន ០១គ្រឿង ទូរស័ព្ទចំនួន ០៥គ្រឿង សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនធំផងដែរ។