(កំពង់ស្ពឺ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូន កងកម្លាងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានទទួលស្គាល់ថា កងកម្លាំងមួកខៀវកម្ពុជា បច្ចុប្បន្ននេះ បានប្រឈមនឹងគ្រោះថ្នាក់ ពេលទៅបំពេញបេសកកម្មមនុស្សធម៌ក្រៅប្រទេស ជាមួយអង្គការសហប្រជាជាតិ។ ឯកឧត្តមបានថ្លែងបែបនេះក្នុងឱកាសអញ្ជើញ ដុតកម្ទេចគ្រាប់ខូចគុណភាពចំនួន២៥០តោន នៅសាលាហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាពពហុជាតិស្ថិតក្នុងក្អែកពង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៩ម្សិលមិញ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងថា៖ «បេសកកម្មរបស់យើង បច្ចុប្បន្ននេះ ជាបេសកកម្មប្រកបដោយគ្រោះថ្នាក់ ដំបូងៗយើងមិនសូវមានគ្រោះថ្នាក់នោះទេ ពេលយើងបញ្ជូនកងដោះមីន ប៉ុន្តែបច្ចុប្បន្ននេះ ដោយសារតែសភាពការណ៍ បានវិវឌ្ឍប្រែប្រួលស្មុគស្មាញ ដោយសារនៅប្រទេសម៉ាលី ក៏ដូចជាសាធារណរដ្ឋអាហ្វ្រិកកណ្តាល ដែលមានឧទ្ទាមច្រើនកង ឧទ្ទាមនិងឧទ្ទាមឈ្លោះគ្នាផង ហើយឧទ្ទាមក៏ឈ្លោះជាមួយកងទ័ពរដ្ឋាភិបាលផង»។

សូមបញ្ជាក់ដែរថា គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលត្រូវធ្វើការកម្ទេចចោល  គឺបាននាំយកមកពីឃ្លាំងកា៨៦ ស្ថិតនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ,  ពីឃ្លាំងយុទ្ធភូមិភាគ១ និងសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព  ដែលគ្រាប់ទាំងអស់នោះមានទំហំចាប់ពី២៣មម ដល់១២០មម មានចំនួនសរុប ៤,៤៦៧គ្រាប់ ចំពោះក្បាលគ្រាប់ចម្រុះមានទំហំចាប់ពី២០មម ដល់៦០មម មានចំនួន២,៥០០គីឡូក្រាម ៕