(កំពង់ធំ)៖ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញលើកទឹកចិត្តដល់ម្ចាស់សណ្ឋាគារនិងអ្នកគ្រប់គ្រងនៅពិចារណាបង្កើតឲ្យមានសកម្មភាពទស្សនាកម្សាន្តជូនភ្ញៀវទេសចរ ដោយរៀបចំ ជាខ្សែទស្សនកិច្ចនៅតាមតំបន់ កសិទេសចរណ៍នានាជុំវិញខេត្ត ដើម្បីផ្សាភ្ជាប់ជាមួយតំបន់ប្រាសាទសំបូរព្រៃគុក ដែលជាគោលដៅទេសចរណ៍វប្បធម៌បេតិកភណ្ឌដ៏មានសក្ដានុពលមួយក្នុងចំណោមដៅទេសចរណ៍វប្បធម៌បេតិកភណ្ឌនានាទូទាំងប្រទេស។  ឯកឧត្តម រដ្ឋមន្ត្រីបានថ្លែងជំរុញបែបនេះក្នុងឱកាសអញ្ជើញសម្ពោធសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់កាលពីថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ ។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានមានប្រសាសន៍ថា នៅតំបន់ប្រាសាទសំបូរព្រៃគុក ក្រៅពីគោលដៅទេសចរណ៍វប្បធម៌ ក៏មានសក្ដានុពលហើយនោះ កសិទេសចរណ៍ដ៏សំបូរបែប ដូចជាចម្ការស្វាយចន្ទី ស្រែស្រូវ សិប្បកម្មផលិតគ្រាប់ស្វាយចន្ទី សិប្បកម្មតម្បាញក្រមាសូត្រ សិប្បកម្មផលិតរបស់របរប្រើប្រាស់និងវត្ថុអនុស្សាវរីយ៍អំពីរពាក់ ឫស្សីជាដើម ដែលសុទ្ធសឹងជាផលិតផលទេសចរណ៍ សម្រាប់បង្ហាញជូនភ្ញៀវទេសចរដែលមកទស្សនាខេត្តកំពង់ធំ ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ក្រៅពីមានតំបន់បេតិកភណ្ឌពិភពលោក (តំបន់ប្រាសាទសំបូរព្រៃគុក) ខេត្តកំពង់ធំ ក៏ជាចំណុចកណ្ដាលដ៏សំខាន់នៃការធ្វើដំណើរពីរាជធានីភ្នំពេញទៅមកសៀមរាប-អង្គរ និងពីរាជធានីភ្នំពេញទៅមកខេត្តព្រះវិហារ និងប្រាសាទព្រះវិហារ ដែលសុទ្ធតែជាតំបន់ទេសចរណ៍បេតិកភណ្ឌដ៏សំខាន់របស់កម្ពុជា ហើយនាពេលខាងមុខ ខេត្តកំពង់ធំនឹងត្រូវតភ្ជាប់ជាមួយខេត្តកំពង់ឆ្នាំង ក៏ដូចជាតំបន់ខាងលិចបឹងទន្លេសាប និងទន្លេសាប តាមរយៈការកសាងស្ពានឆ្លងទន្លេសាប។

ឯកឧត្តមលើកឡើងថា ភ្ញៀវទេសចរមួយចំនួនធ្លាប់តែទទួលទានបាយ បន្លែ ត្រី សាច់ ផ្លែឈើ និងគ្រាប់ធញ្ញជាតិនានា ប៉ុន្តែពួកគេមិនទាន់បានឃើញការដាំដុះ ការប្រមូលផល ការកែច្នៃរបស់ទាំងអស់នោះនៅឡើយទេ ។ ពួកគេពិតជាចង់ឃើញដំណើរការផលិតរបស់ទាំងនោះណាស់ ដូច្នេះប្រជាពលរដ្ឋអាចបង្ហាញឲ្យភ្ញៀវចូលទស្សនាបាន ដើម្បីជាថ្នូរនិងការទទួលបានកម្រៃខ្លះតាមរយៈសេវាកម្មទេសចរណ៍បែបនេះ ។

ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់ម្ចាស់សណ្ឋាគារកំពង់ធំ រ៉ូយ៉ាល់ ដែលទើមសម្ភោធថ្មី ចូលរួមគាំទ្រផលិតផលក្នុងស្រុក ពិសេសផលិតផលសហគមន៍ក្នុងខេត្តកំពងធំតែម្តង ។ ការប្រើប្រាស់ជាបរិក្ខារតុបតែងលម្អ ការផ្គត់ផ្គង់សម្ភារៈក្នុងបន្ទប់ស្នាក់ និងការផ្គត់ផ្គង់តម្រូវការក្នុងភោជនីយដ្ឋាន។ពិសេសរដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្តកំពង់ធំ ត្រូវជំរុញការប្រមូលផ្តុំ និងចែកចាយបន្តនូវរាល់ផលិតផលក្នុងស្រុក  ៕