ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញបានបន្តប្រតិបត្តិការ ចុះរៀបចំសណ្ដាប់ធ្នាប់ និងណែនាំចំពោះបងប្អូន ដែលមិនចូលគោរពនៅសេចក្ដីណែនាំ របស់សាលារាជធានីភ្នំពេញ ដែល លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់បញ្ជាមិនឲ្យមានការចតរថយន្ដ នៅលើចិញ្ចើមផ្លូវថ្មើជើង និងការ៉ូឡាទាំងអមសងខាងមហាវិថីព្រះនរោត្តម ជាច្រើនលើកច្រើនសារមកហើយ តែបងប្អូនប្រជាពលរដ្ឋនៅតែដដែល ដូច្នះ រដ្ឋបាលខណ្ឌដូនពេញ នឹងធ្វើការស្ទូច អូស រថយន្តដែលចតនៅលើផ្លូវថ្មើរជើង តាមបណ្តោយមហាវិថីព្រះនរោត្តម យកទៅរក្សាទុកចំនួន ១៤ថ្ងៃ ទុកជាការព្រមាន ដើម្បីរក្សារចិញ្ជើមផ្លូវ សម្រាប់សម្រួល ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ និងជាផ្លូវសម្រាប់ជនពិការភាព។

យោងតាម Page Facebook ផ្លូវការរបស់ រដ្ឋបាលខណ្ឌដូនពេញ បានអោយលើកឡើងថា ដោយពិនិត្យឃើញថាបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនតូច ក៏ដូចជាតាមគ្រឹះស្ថានរដ្ឋ និងឯកជនមួយចំនួននៅតែបន្តយករថយន្ត មកឈប់ចតនៅលើផ្លូវថ្មើរជើងបង្កបាត់បង់សណ្តាប់ធ្នាប់ និងរបៀបរៀបរយ បាំងផ្លូវថ្មើរជើងរបស់បងប្អូនប្រជាពលរដ្ឋទូទៅ និងជនពិការ ដដែល ។

រដ្ឋបាលខណ្ឌដូនពេញ សូមធ្វើការអំពាវនាវយ៉ាងទទូច សូមឲ្យបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ ក៏ដូចជាក្រុមហ៊ុនឯកជន ដែលមានយានជំនិះគ្រប់ប្រភេទត្រូវតែបញ្ឈប់ការឈប់ចត លើផ្លូវថ្មើរជើង ជាពិសេសមហាវិថីព្រះនរោត្តមនេះ ក្នុងករណីនៅតែមិនអនុវត្តតាមការជូនដំណឹងរបស់រដ្ឋបាលខណ្ឌ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ នោះរដ្ឋបាលខណ្ឌ នឹងធ្វើការស្ទូច អូស យករថយន្តទាំងនោះយកទៅរក្សាទុកនៅសាលាខណ្ឌដូនពេញ ដោយទុករយៈពេល ១៤ថ្ងៃទើប ប្រគល់ជូនម្ចាស់រថយន្តវិញ ។ ដូច្នេះ សូមបងប្អូនចូលរួមទាំងអស់គ្នា ដើម្បីសណ្តាប់ធ្នាប់ និង សោភ័ណភាពទីក្រុងរបស់យើង

ឈរលើស្មារតីនេះ រដ្ឋបាលខណ្ឌដូនពេញ បានចេញសេចក្ដីណែនាំលេខ 220/19 សជណ ចុះថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៩ ស្ដីពី រៀបចំសណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈតាមបណ្ដោយមហាវិថីព្រះនរោត្តម សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ស្ថាប័នរដ្ឋ និងឯកជន ឬសាធារណៈជនទូទៅ ដែលបានប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈនេះ ក្នុងការឈប់ចត យានយន្តគ្រប់ប្រភេទ។ រដ្ឋបាលខណ្ឌ សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ គ្រឹះស្ថាន ស្ថាប័នពាក់ព័ន្ធ អាជីវករលក់រថយន្ត ក្រុមហ៊ុនឯកជន ចូលរួមអនុវត្តតាមការណែនាំ របស់សាលាខណ្ឌជាពិសេសដើម្បីចូលរួមចំណែកធ្វើ ឲ្យដងផ្លូវសាធារណៈ មានសោភ័ណភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អប្រសើរថែមទៀត៕