ខេត្តកណ្តាល៖ ដោយមានការណែនាំពីលោកអភិបាលស្រុកលើកដែកនិងនាយខណ្ឌរដ្ឋបាលជលផលនាយផ្នែកជលផល ដើម្បីចូលរួមទប់ស្កាត់ បង្ក្រាបអោយខានតែបាន នូវរាល់បទល្មើសជលផលគ្រប់ប្រភេទដែលច្បាប់ហាមឃាត់ នៃដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រងរបស់ខ្លួន គណៈបញ្ជាការឯកភាពស្រុកលើកដែក បានដឹកនាំកម្លាំងចំរុះសរុបចំនួនជាង ៣០នាក់ ប្រើប្រាស់មធ្យោបាយ ទូក៥គ្រឿងបានចុះប្រតិបត្តិការណ៍បង្ក្រាបបទល្មើសនេសាទ​នា​រដូវត្រីពងកូនរឹបអូសឧបករណ៍ខុសច្បាប់យកមកដុតកម្ទេចចោលមួយចំនួន។

ប្រតិបត្តិការនេះដឹកនាំដោយលោក សោមផល្លាអភិបាលរងស្រុកលើកដែកកាលពីថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៩​ដោយ​បែងចែកកម្លាំងជា២ក្រុម ក្រុមទី១នៅចំណុច ដំបាញស្ថិតក្នុងឃុំព្រែកដាច់និងក្រុមទី២នៅចំណុចឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ហើយចុះកាត់ឧបករណ៍នេសាទខុសច្បាប់មួយចំនួនយកមកដុតកម្ទេចចោល ។

លោក សោមផល្លា អភិបាលរងស្រុកលើកដែក បានឱ្យដឹងថា ដោយមានការណែនាំពីលោកអភិបាលស្រុកលើកដែក ដើម្បីចូលរួមទប់ស្កាត់ បង្ក្រាបអោយខានតែបាន នូវរាល់បទល្មើសជលផលគ្រប់ប្រភេទដែលច្បាប់ហាមឃាត់ នៃដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង ជាពិសេសក្នុងរដូវបិទនេសាទត្រីពងកូននេះឯង ក្នុងគោលបំណងរក្សាការពារធនធានមច្ឆជាតិអោយបានគង់វង់។ហេតុដូច្នេះហើយ ទើបកម្លាំងគណៈបញ្ជាការឯកភាពស្រុកលើកដែកនិងសង្កាត់ជលផលតែងតែចុះបង្ក្រាប់បទល្មើសនេសាទនៅតាមបឹង ព្រែក ទន្លេ ជាបន្តបន្ទាប់ ធ្វើឡើងដូចភ្លៀងរលឹម។

ជាលទ្ធផលទាំង២ទីតាំងនេះកម្លាំងចម្រុះបានចុះកាប់បំផ្លាញនិងដុតកម្ទេចចោលនៅកន្លែងទីទួលក្នុងភូមិ ឃុំខាងលើរួមមាន លូស្បៃមុង១១៨លូ របាំងស្បៃមុង៦៥០០ម៉ែត្របង្គោល៥០០០ដើមរបាំងស្កាត់១កន្លែង១៥ម៉ែត្រ របាំងឫស្សី៥ដើមនិង លែងកូនត្រី១៥០គីឡូក្រាម ចូលទៅក្នុងទន្លេវិញ ។ ជាមួយគ្នានោះ ក្នុងនាមគណៈបញ្ជាកាឯកភាពស្រុកលើកដែកក៍សូមអំពាវនាវដល់បងប្អូនប្រជានេសាទដែលកំពុងប្រកបមុខរបរនេសាទខុសច្បាប់ទាំងអស់ត្រូវនាំគ្នា ងាកមករករបរនេសាទត្រីស្របច្បាប់វិញ ដើម្បីកុំអោយវាពាក់ព័ន្ធនិងផ្លូវច្បាប់ ដែលធ្វើអោយបងប្អូនមានទោសទន្ទជាប់គុកបែកបាក់ចោលក្រុមគ្រួសារ ខាតបង់លុយកាក់ហើយជួនកាលអាចនិងមានគ្រោះថ្នាក់ដល់អាយុជីវិតដោយសារការប្រើឧបករណ៍ឆក់ទៀតផង៕