ខេត្តបាត់ដំបង៖ប្រជាពលរដ្ធតំណាងអោយចំនួន៦៥គ្រួសារបានសំណូមពរដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីជួយដោះស្រាយផ្តល់សិទ្ធិកាន់កាប់លើដីដែលពួកគាត់បានរស់នៅអាស្រ័យផលជិត១០ឆ្នាំកន្លងមកនេះផងចុះ។

លោកស្រី ហើស សុឃុន អាយុ៥២ឆ្នាំតំណាងអោយប្រជាពលរដ្ឋចំនួន៦៥គ្រួសាររស់នៅភូមិស្រះថត ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី បានបញ្ជាក់អោយដឹងថា ពួកគាត់បានរស់នៅអាស្រ័យផលទៅលើដីសហគមន៍នេះតាំងពីមុន០០១ដោយពួកគាត់មកកាប់ឆ្ការដាំដុះតាំងពីឆ្នាំ២០១១មកម្លេះហើយលោក អ៊ូ អៀង មេឃុំព្រៃត្រឡាចក៏បានចេញសាលកប័ត្រជូនអោយពលរដ្ឋទាំងនោះផងដែរ ។

ហើយរយៈពេលកន្លងមកតាំងពីជំនាន់លោកអភិបាលស្រុកចាស់ថានិងដោះស្រាយអោយរហូតផ្លាស់ចូលអភិបាលស្រុកថ្មីមុនបោះឆ្នោត គាត់ថាប្រជាពលរដ្ឋមិនបាច់ភ័យទេដីព្រៃសហគមន៍ដែលប្រជាពលរដ្ឋបង្កបង្កើនផលបានហើយគាត់និងដោះស្រាយអោយនៅពេលបោះឆ្នោតរួច ប៉ុន្តែរហូតមកដល់ពេលនេះគាត់អត់មានមកដោះស្រាយអោយទេ ថែមទាំងរឹបនិងចាប់បញ្ជូនទៅសាលាស្រុក គំរាមដាក់គុកនៅពេលដែលពួកគាត់ចុះគោយន្តភ្ជួរនិងកាប់ឆ្ការបន្តិចបន្ទួចថែមទៀតផង។

ពួកគាត់លើកឡើងទៀតថា ដោយយោងតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែនប្រជាពលរដ្ធដែលរស់នៅមានដំណាំ បង្កបង្កើនផងបានចែកជូនប្រជាពលរដ្ឋទៅ ដូច្នេះពួកគាត់មានតែសំណូមពរដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមេត្តាជួយផ្តល់ដីជម្រកដែលកំពុងរស់នៅនេះអោយយើងខ្ញុំបានរស់នៅអាស្រ័យផលបន្តទៅទៀតផងដើម្បីប្រកបរបរចិញ្ចឹមជីវិតកូនចៅ។

ពាក់ព័ន្ធករណីខាងលើនេះដែរលោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង ទទួលបន្ទុកទំនាស់ដីធ្លីបានប្រាប់អោយអ្នកយកព័ត៍មានយើងដឹងកាលពីថ្ងៃទី០៩ ខែកញ្ញា ម្សិលមិញថា រឿងប្រជាពលរដ្ឋចំនួន៦៥គ្រួសាររស់នៅលើដី២៧១ហិកតានៅចំណុចភូមិស្រះថត ស្រុករុក្ខគិរី រយៈពេលកន្លងមកខាងសាលាខេត្តបានកោះហៅតំណាងប្រជាពលរដ្ឋមកប្រជុំអោយបញ្ឈប់សកម្មភាពកាប់ឆ្ការបន្តទៀត ដើម្បីទុកតំបន់នោះជាព្រៃសហគមន៍តាំងពីឯកឧត្តម ច័ន្ទ សុផល នៅជាអភិបាលខេត្តបាត់ដំបងមកម្លេះ ហើយបច្ចុប្បន្ននេះឯកឧត្តម ងួន រតន: លោកកំពុងរៀបចំសាលដីការដកហូតដីទាំងនោះទុកជាសម្បត្តិរដ្ឋនៅពេលមានគោលការណ៍ជាក់ស្តែង។ដោយ រៀម សាលី