ភ្នំពេញ ៖ ​ឯកឧត្តមបណ្ឌិត ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តី​ នៃសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវ ​នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជា​ណាចក្រកម្ពុជា​ ចំនួន២ថ្ងៃ ​ចាប់ពីថ្ងៃទី ១២ដល់ថ្ងៃទី១៣ ​ខែកញ្ញា ឆ្នាំ២០១៩ ​ដើម្បីពិភាក្សាការងារ​មួយ​ចំនួន​ ជាមួយ​សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស​លើបញ្ហាព្រំដែន ក្រោយពីឆ្មាំការពារព្រំដែន ​នៃប្រទេសទាំងពីរ មានការ​ប្រឈមដាក់គ្នា បន្តិចបន្តួច​​នាពេលកន្លងទៅនេះ។

យោតាមសេចក្តីប្រកាសព័ត៌មាន ​របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ ជាតិ ដែលបានចេញ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ​តបតាមការអញ្ជើញ​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី នៃ​ ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ​ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹង​ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ​មកបំពេញទស្សនកិច្ចផ្លូវការ ​នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ១២–១៣ ខែកញ្ញា ឆ្នាំ២០១៩។

សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា អំឡុងទស្សនកិច្ចនេះ ​ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ នឹងចូលជួប​សំដែងការគួរសមដាច់ដោយឡែកពីគ្នា ចំពោះ សម្តេចវិបុលសេនាភក្តី ​សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ​និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​ នៃព្រះរាជាណាចក្រកម្ពុជា។

ប្រភពដដែល បានបញ្ជាក់ទៀតថា នាយករដ្ឋមន្រ្តីទាំងពីរ នឹងមាន​កិច្ចប្រជុំទ្វេភាគី​ដែល​ផ្តោតការ​ពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហាព្រំដែន។ ​ក្រោយកិច្ចប្រជុំ នាយករដ្ឋ​មន្រ្តីទាំងពីរ ​នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយ​ចំនួន និង​ធ្វើ​សេចក្តី​ប្រកាសព័ត៌មានរួមគ្នាផងដែរ។

បើតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា​ ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ ​នឹងអញ្ជើញដាក់កម្រងផ្កានៅ​វិមានឯករាជ្យ ​និងគោរព​ព្រះវិញ្ញាណក្ខន្ធ​​នៅ​មណ្ឌបព្រះករុណាព្រះបាទសម្ដេច ​ព្រះនរោត្ដម ​សីហនុ «ព្រះបរមរតនកោដ្ឋ» អតីត​ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។​

ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមបណ្ឌិត ថងលូន ស៊ីស៊ូលីត នៅកម្ពុជា នឹងរួមចំណែកកាន់​តែប្រសើរ​ក្នុង​ការពង្រឹង ​និងពង្រីកបន្ថែមទៀត ​នូវចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់​ សាមគ្គីភាព ភាតរភាព ​និងកិច្ចសហប្រតិបត្តិការប្រកបដោយ​ផ្លែផ្កា​រវាងកម្ពុជា​ និងឡាវផងដែរ៕