នៅរសៀលថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យប្រតិភូយុវជនកម្ពុជា ចំនួន៣៣នាក់ នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន(SSEAYP) លើកទី៤៦ ឆ្នាំ២០១៩ ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ (The Ship for Southeast Asian Youths Program- SSEAYP) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៤ ដោយរដ្ឋាភិបាលជប៉ុន និងសមាជិកអាស៊ាន ៥ប្រទេស៖ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងប្រទេសថៃ។ លើកនេះជាលើកទី៤៦ហើយ ដោយធ្វើដំណើរលើនាវា Nippon Maru ចូលចតទៅកាន់ប្រទេស៥៖ ជប៉ុន វៀតណាម សិង្ហបុរី មីយ៉ាន់ម៉ា និងប្រទេសម៉ាឡេស៊ី រយៈពេល៥១ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។

គោលបំណងនៃកម្មវិធីនេះ គឺដើម្បីរឹតចំណងមិត្តភាព និងការយល់ដឹងរវាងយុវជនជប៉ុន និងយុវជនអាស៊ាន​ទាំងដប់ប្រទេស។ ពង្រីកចំណេះដឹង និងទស្សនវិស័យរបស់យុវជន ស្ដីពីចំណេះដឹងសកល។ បង្កើនស្មារតី និងជំនាញ​ច្បាស់លាស់របស់យុវជនក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបណ្តុះភាពជាអ្នក​ដឹកនាំ​សម្រាប់ប្រតិភូយុវជនក្នុងវិស័យផ្សេងៗរបស់ពួកគេ ដែលចូលរួមលើការអភិវឌ្ឍន៍យុវជន និងសង្គមជាតិ៕