ភ្នំពេញ៖ ឯកឧត្តម ឧបមាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា“មានភាពតានតឹងក្នុងសកលលោកបានកើតឡើងយូរមកហើយ ចាប់តាំងពីប្រធានាធិបតីអាមេរិកប្រកាសនយោ បាយអាមេរិកជាចម្បងនោះ  ហើយបង្កើតឲ្យមានការងាកចេញពីពហុភាគីនិយមទៅកាន់ឯកតោភាគីនិយម” ។ ការថ្លែងឡើងបែបនេះ របស់ឯកឧត្តម  រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានធ្វើឡើងនៅខេត្តកំពង់ស្ពឺ ក្នុងឱកាសអញ្ជើញដុតកម្ទេចគ្រាប់ខូចគុណភាពចំនួន២៥០តោន  នៅសាលាហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាពពហុជាតិ ។

ឯកឧត្តម ឧបមាយករដ្ឋមន្ត្រី  មានប្រសាសន៍ថា “កម្ពុជាទើបងើបផុតពីសង្គ្រាមអស់រយៈពេល៤០ឆ្នាំកន្លងមក ហើយកម្ពុជាទើបតែទទួលបានសុខសន្តិភាព២០ឆ្នាំប៉ុណ្ណោះ។ ដូច្នេះហើយកម្ពុជាបានខិតខំប្រឹងប្រែងដើរនយោបាយមួយដែលមានភាពទន់ភ្លន់ ព្រមទាំងស្វែងរកជារំនឹងជាកណ្តាលមួយ សម្រាប់ឲ្យកម្ពុជា ជៀសផុតពីការគាប់សង្កត់ ពីការចាប់បង្ខំបង្កបបញ្ហាឲ្យយើងជ្រើសរើសនូវអ្វីមួយដែលមិនបម្រើឲ្យផលប្រយោជន៍របស់កម្ពុជាយើង” ។

សូមជម្រាប់ថា៖ កាលពីថ្ងៃទី១០ ខែកញ្ញាកន្លងទៅ អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម កេត សុផាន់ បានចេញសេចក្តីថ្លែងការណ៍មួយ បញ្ជាក់ថា ត្រូវតែបង្ខំចិត្តឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យសហរដ្ឋអាមេរិកគឺ លោកស្រី Morgan Ortagus ដែលបានទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា ទម្លាក់រាល់ការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងលោក កឹម សុខា ។

ឯកឧត្តមអ្នកនាំពាក្យ បានគុសបញ្ជាក់ថា កម្ពុជាទាមទារឲ្យអ្នកនយោបាយ និង រដ្ឋការបរទេសទាំងអស់ប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រព័ន្ធពហុភាគីនិយម និង បទដ្ឋានមូលដ្ឋានទំនាក់ទំនងអន្តរជាតិ ដូចដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ គោរពអធិបតេយ្យភាពកម្ពុជា និង ជៀសវាងពីការជ្រៀតជ្រែងចូលកិច្ចការផ្ទៃក្នុងកម្ពុជា ដោយយកលេសបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ ៕