ឯកឧត្តម ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ  និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជម្ងឺអេដស៍ប្រចាំក្រសួង បានរៀបចំសិក្ខាសាលាស្ដីអំពីការលុបបំបាត់ការឆ្លងមេរោគអេដស៍ និងជំងឺអេដស៍ក្នុងវិស័យវប្បធម៌ ក្រោមការចូលរួមពីឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងអប់រំ និងវិចិត្រសិល្បៈតំណាងលោកជំទាវ ភឿង សក្កណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាមួយនិងមន្រ្តីក្រសួងជាច្រើនរូប ក្នុងគោលបំណងធ្វើសកម្មភាពផ្សព្វផ្សាយអោយកាន់តែទូលំទូលាយ រួមចំណែកលុបបំបាត់ការរីករាលដាល និងការឆ្លងជំងឺអេដស៍។

នៅក្នុងសិក្ខាសាលានោះ ឯកឧត្តម ធៀងវណ្ណដារ៉ុង បានលើកឡើងថា៖ ទោះបីជាមានការថយនៃមេរោគអេដស៍ និងជំងឺអេដស៍ នៅក្នុងប្រទេសកម្ពុជាក៏ដោយ ប៉ន្តែរាជរដ្ឋាភិបាលកម្ពុជានៅតែយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហានេះ ដោយបង្កើតជាគណៈកម្មាធិការប្រយុទ្ធ នឹងជំងឺអេដស៍ តាមក្រសួង-ស្ថាប័នរដ្ឋ និងឯកជនជាច្រើន។ ក្នុងនោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតែងតែយកចិត្តទុកដាក់លើបញ្ហាមេរោគអេដស៍ ដោយក្រសួងតែងតែចុះ អប់រំបញ្ជ្រាបចំណេះដឹងដល់មន្រ្តីក្រសួងក៏ដូចជាប្រជាពលរដ្ឋតាមមូលដ្ឋាន ជាពិសេសបានបង្កើតនូវសារអប់រំជាច្រើនតាមរយះការផ្សព្វផ្សាយរឿងខ្លី និងសារនិយាយនានាពីការបង្ការ និងទប់ស្កាត់មេរោគអេដស៍។

ជាមួយគ្នានោះផងដែរឯកឧត្តម  សោម សុគន្ធ លើកឡើងថា៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវតែយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំងចំពោះមន្ត្រីក្រសួង ក្នុងការផ្សព្វផ្សាយអប់រំអំពីបញ្ហាមេរោគអេដស៍ ព្រោះបើសិនមានវត្តមានជំងឺនេះនៅក្នុងក្រុមគ្រួសារយើងណាម្នាក់វានឹងបំផ្លាញអនាគតក្រុមគ្រួសារយើងទាំងមូល ។ ហើយមួយវិញទៀតយើងត្រូវតែយកចិត្តទុកដាក់ផ្សព្វផ្សាយអប់រំអំពីការរើសអើងអ្នកជំងឺអេដស៍  បង្កើតជាសារលើកទឹកចិត្តអ្នកផ្ទុកមេរោគអេដសកុំឲ្យពួកគាត់អស់សង្ឃឹមក្នុងជីវិត និង ពន្យល់ណែនាំពួកគាត់ទៅទទួលយកថ្នាំប្រឆាំងនឹងជំងឺអេដស៍ជាប្រចាំតាមវេជ្ជបញ្ជាគ្រូពេទ្យ។

ក្នុងសិក្ខាសាលានេះផងដែរក៏មានការសម្តែងរឿងខ្លីអប់រំអំពីមេរោគអេដស៍ក្រោមចំណងជើងថា”ជីវិត និងក្តីសង្ឃឹម” ដោយសម្តែងដោយក្រុមសិល្បៈនាយកដ្ឋានសិល្បៈ និងទស្សនីយភាព៕