ភ្នំពេញ៖ ស្ពានដែកបាឡេឬស្សីកែវអាជ្ញាធររាជធានីភ្នំពេញ សម្រេចផ្អាកចរាចរណ៍លើស្ពានជាបណ្តោះ​អាសន្នដោយសារសាឡង់ដឹកប្រេងក្រុមហ៊ុន «សាវីមិច»របស់លោកឧកញ៉ា សេង សាវី ប្រធានក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រី បើក ប៉ះទង្គិច កាលពីរសៀលថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៩។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរ សាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានថា នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ អាជ្ញាធរបានសម្រេចផ្អាកចរាចរណ៍ស្ពានដែកបបាឡេឬស្សីកែវ ជាបណ្តោះអាសន្នសិន ដោយសារតែ មានសាឡង់ដឹកប្រេងបើកប៉ះទង្គិច។

លោកប្រធានមន្ទីរបានបញ្ជាក់ថែមទៀតថា បច្ចុប្បន្នមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធកំពុងចុះពិនិត្យទីតាំងកើតហេតុ ដើម្បីរកឲ្យឃើញនូវការខូចខាត និងផលប៉ះពាល់ស្ពាន ហើយក្រុមការងារការដ្ឋានត្រូវការពេលវេលាដើម្បីធ្វើការពិនិត្យនឹងជួសជុលអោយបានដូចដើម រួចដាក់អោយដំណើរការជាប្រក្រតីឡើងវិញនៅពេលខាងមុខនេះ។