ភ្នំពេញ ៖ ដេប៉ូខ្សាច់ជាច្រើនកន្លែង ដែលមាននៅក្នុងខណ្ឌឫស្សីកែវ តាមបណ្តោយផ្លូវជាតិលេខ៥ចាប់ពីសង្កាត់ច្រាំងចំរេះ១ រហូតទៅដល់ស្ពានព្រែកព្នៅ ខណ្ឌព្រែកព្នៅ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ដែលមានទីលំនៅ អមសងខាងផ្លូវជាតិលេខ៥ ត្អូញត្អែពីសកម្មភាពរបស់ក្រុមរថយន្តដឹកខ្សាច់ចេញពីដេប៉ូអស់ទាំងនោះ ដឹកផ្ទុកគ្មានសណ្តាប់ធ្នាប់ ហូរ ហៀរ ទឹក ធ្លាក់ខ្សាច់មកលើផ្លូវបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ជាពិសេសជាងនេះទៅទៀតនោះ ធ្វើឲ្យហុយមកចូលផ្ទះសម្បែងពួកគាត់ បង្កឲ្យការរស់នៅរបស់ពួកគាត់ប្រឈមគ្រោះថ្នាក់ជាច្រើនដោយសារដេប៉ូខ្សាច់ទាំងនេះ ។

ទីតាំងដេប៉ូលក់ខ្សាច់ធំៗ៤កន្លែងនៅតាមផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយប៉ាក មាន៣កន្លែង ក្នុងសង្កាត់ច្រាំងចម្រេះ១ ដែលមានរថយន្តដឹកខ្សាច់កំពប់ធ្លាក់រាយប៉ាយពេញផ្លូវ អាជ្ញាធរហាក់បីដូចជាមើលមិនឃើញ ។

ពលរដ្ឋដែលរស់នៅជាប់ផ្លូវជាតិលេខ៥ ក្នុងភូមិច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ បានឲ្យដឹងថា ការរស់នៅរបស់ពួកគាត់សព្វថ្ងៃប្រៀប ដូចជារស់នៅលើគំនរខ្សាច់ ព្រោះរថយន្តដឹកខ្សាច់ចេញពីដេប៉ូហៀរហូរ ធ្លាក់គរ ក្លិក្លាក់ នៅខាងមុខផ្ទះគាត់កើបរាប់បាវទំរាំអស់ម្តងៗ ចំណែកអ្នកធ្វើដំណើរដោយម៉ូតូ ជួបនូវផលវិបាក ប្រឈមនឹងគ្រោះថ្នាក់ រអិលដួល បើមិនដូច្នោះគឺហុយងងិត អួរអ័ព្វ ហុយចូលផ្ទះសម្បែងពួកគាត់ពិបាកក្នុងការរស់នៅ ។

ចំណែកម្ចាស់ដេប៉ូខ្សាច់ ឬក្រុមរថយន្តដឹកខ្សាច់នោះវិញមិនខ្ចីខ្វល់ពីការគ្របឬផ្ទុក ដឹកខ្សាច់ទៅតាមកំណត់នោះទេ គិតតែផលចំណេញនៃរបររកសុីរបស់គេតែប៉ុណ្ណោះ ចង់ពលរដ្ឋប្រឈមនឹងហារនិភ័យ បង្កឡើងដោយបរិស្ថានអ័ព្វអួរយ៉ាងណាក៏ដោយ ។

ពលរដ្ឋបានបន្តទៀតថា យូរៗម្តងបានឃើញ អាជ្ញាធរចុះរៀបចំសណ្តាប់ធ្នាប់ ឬទាល់តែដងផ្លូវជាតិលេខ៥ មានក្បួនប្រតិភូ ក្បួនធ្វើដំណើររបស់សម្តេចនាយករដ្ឋមន្រ្តី ឆ្លងកាត់ ទើបផ្លូវខាងលើបានស្អាត ។

ពលរដ្ឋបានលើកឡើងដោយស្នើរសុំទៅដល់អាជ្ញាធរខណ្ឌនិងក្រុង មេត្តាជួយចុះពិនិត្យមើលដងផ្លូវជាតិលេខ៥ផងចាប់ពីសង្កាត់ច្រាំងចំរេះ១រហូតដល់ស្ពានព្រែកព្នៅ ខណ្ឌព្រែកព្នៅ ស្របតាមដងទន្លេនេះផង ព្រោះពលរដ្ឋទាំងអ្នករស់នៅអមសងខាងផ្លូវ រួមទាំងអ្នកធ្វើដំណើរ ជួបការលំបាកខ្លាំងណាស់ ៕