កំពត ប្រជាពលរដ្ឋអ្នកធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៣៣A ដល់ចំណុចជិតស្ពានក្បាលរមាស តែងតែក្រឡេកមើលឃើញសកម្មភាពចាក់ដីរំលោភចូលក្នុងដៃព្រែក   បានធ្វើការរិះគន់ឥតសម្ចៃមាត់ថា សកម្មភាពចាក់ដីរំលោភយកដៃព្រែកបែបនេះហើយ មិនគួរអាជ្ញាធរមើលរំលងឡើយ ការដែលធ្វើបែបនេះ គឺជាគំរូអាក្រក់សម្រាប់ដល់បុគ្គលផ្សេងៗទៀតយកតម្រាប់តាម ចំពោះករណីចាក់ដីនេះ ត្រូវបានគេដឹងថា ជាបុគ្គលម្នាក់យកឈ្មោះអ្នកធំ មកពាងសកម្មភាពរបស់ខ្លួន សូមបញ្ជាក់ថា÷

ស្ពានក្បាលរមាស គឺស្ថិតក្នុងទឹកដីឃុំត្រពាំងសង្កែរ ស្រុកទឹកឈូ ខេត្តកំពត ចំណែកទីតាំងដែលចាក់ដីលុបនោះ គឺស្ថិតនៅខាងលិចស្ពានជាប់និងចិញ្ចើមផ្លូវខាងជើងជាប់និងដៃព្រែក ដែលតំបន់ព្រៃលិចទឹកនិងជាជម្រក់ជីវចម្រុះ។

ដោយមានមហាជនរិះគន់លើកឡើងព្រោងព្រាត នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានដឹកនាំកម្លាំងមន្ទីរជំនាញ អាជ្ញាធរឃុំ ស្រុក ចុះពិនិត្យមើលជាក់ស្តែង ឯកឧត្តម  ជាវ តាយ អភិបាលខេត្តកំពត បានបញ្ជាក់ថា ឯកឧត្តមមិនអាចទទួលយកបានទេ នៅទង្វើបែបនេះ ហើយឯកឧត្តម  បានអោយម្ចាស់ទីតាំងខាងលើ កាយដីចេញវិញជាបន្ទាន់ដោយឥតលក្ខខាន់។

ចំណាត់ការរបស់ឯកឧត្តមអភិបាលខេត្តនាពេលនេះ ប្រជាពលរដ្ឋនៅក្នុងស្រុកទឹកឈូ ខេត្តកំពត ទន្ទឹងរងចាំមើលថា តើបញ្ជារបស់ឯកឧត្តមមានប្រសិទ្ធភាពដែរឬអត់ ការលើកឡើងបែបនេះ កន្លងមកដីព្រៃលិចទឹករបស់រដ្ឋជាច្រើន និងដីព្រែកទឹកឈូ និងតំបន់មួយចំនួនផ្សេងទៀត ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ចាក់ដី​លុបយកធ្វើជា កម្មសិទ្ធិ ដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។ មជ្ឈដ្ឋាននានា បានលើកឡើងថា ប្រសិនបើ គ្មាន ការឃុបឃិត បើកដៃពីសំណាក់មន្ត្រីអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ស្រុក និងថ្នាក់ខេត្តនោះទេ គឺគ្មាន នរណាអាចធ្វើសកម្មភាពចាក់ដីរំលោភយកដីព្រែក ដៃសមុទ្រធ្វើជាកម្មសិទ្ធិយ៉ាងរលូនដូចបែបនេះឡើយ។