នៅថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៩ នៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកចន្ទ្រា គម្រោងបង្កើននិរន្តរភាព​ការ​ប្រើប្រាស់​ទឹកស្អាត និង​អនុវត្តន៍អនាម័យ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ក្រោមការឧបត្ថម្ភពី​មូលនិធិសប្បុរសធម៌​កាទ្យេ តាមរយៈសហពន្ធ័អន្តរជាតិ កាកបាទក្រហម អឌ្ឈចន្ទក្រហម បានបើកវគ្គបំប៉ន​អ្នកស្ម័គ្រចិត្តកាកបាទក្រហម ស្តីពីអនាម័យទឹកស្អាត និងអនាម័យទូទៅ ដែលវគ្គបំប៉ននេះមានរយៈពេល ១ ថ្ងៃ ក្រោមការសម្របសម្រួល​ពីមន្ត្រីគម្រោង សហការជាមួយមន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក្រោមប្រធានបទ ការប្រើប្រាស់បង្គន់អនាម័យ សារៈសំខាន់នៃការប្រើប្រាស់បង្គន់អនាម័យ ។

ពិធីនេះបានការអញ្ជើញចូលរួមពីលោក សរ វណ្ណា នាយកសាខា កញ្ញា ឡាក់​ មុនីរស្មី តំណាងសហព័ន្ធ​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទក្រហមប្រចាំកម្ពុជា លោកស្រី សំ ថាវី ប្រធានស្តីទីគណៈកម្មាធិការអនុសាខា​កាកបាទ​ក្រហមកម្ពុជាស្រុក ព្រមទាំង លោក លោកស្រី ជាអ្នកស្មគ្រ័ចិត្ត​កាកបាទក្រហម សរុបចំនួន ៣០ នាក់ មកពីឃុំ​គោលដៅទាំង ៣ ក្នុងស្រុកចន្ទ្រាគឺឃុំ ចន្ទ្រា​ ទួលស្តី និងឃុំ​សំរោង ។ វគ្គបំប៉ននេះមានគោលបំណងពង្រឹងសម្ត្ថភាពអ្នកស័្មគ្រចិត្ត ស្តីពីអនាម័យទឹកស្អាត និងអនាម័យទូទៅ  និងផ្តល់​ចំណេះដឹងមូលដ្ឋានស្តីពីការកសាងផែនការអំពី ទឹកសុវត្ថភាពសហគមន៍ និងការបញ្ឈប់​បន្ទោរបង់​ពាសវាល​ពាសកាល ។ បន្ទាប់ពីលោកស្រី សំ ថាវី មានមតិស្វាគមន៍រួចមក កញ្ញា ឡាក់ មុនីរស្មី  តំណាង​សហព័ន្ធ​​​អន្តរ​​ជាតិ​​​កាកបាទក្រហម អឌ្ឍចន្ទក្រហមប្រចាំកម្ពុជា មានប្រសាសន៍ ថ្លែងអំណរគុណចំពោះលោក លោកស្រី​ដែលបាន​ចំណាយពេលវេលា​មានតម្លៃចូលរួម​ក្នុងវគ្គនេះ ។

ដូច្នេះ សាខាកាកបាទក្រហមខេត្ត បាន​រៀបចំវគ្គបំប៉ន​នេះ​ឡើង​​ក្នុងគោលបំណងសំខាន់​ក្នុងការពង្រឹង​សមត្ថភាពដល់ អនុសាខា និង មន្ត្រីប្រតិបត្តិ អ្នកស្មគ្រ័ចិត្ត​ទាំងអស់ ដោយផ្អែកតាមទិសដៅ​ជាយុទ្ធសាស្ត្រ​របស់ថ្នាក់ជាតិ​លើការបណ្ដុះបណ្ដាល​ធនធាន​មនុស្សអោយមានសមត្ថភាព​ពិតប្រាកដក្នុងការបំពេញការងារ​ជូនអង្គភាពឲ្យមានប្រសិទ្ធភាពខ្ពស់ ។ លោក   សរ វណ្ណា នាយកសាខា មានមតិសំណេះសំណាលក្នុងពិធីបើកវគ្គនេះ​ដោយបញ្ជាក់ពីសារៈសំខាន់​ក្នុងការ​ថែ     រ​ក្សាសម្ភារ ដែលបានទទួលពីគម្រោង ។

លោកនាយកសាខាក៍បានបញ្ជាក់​ផងដែរអំពីការជ្រើស​រើស និង​គ្រប់​គ្រងកំលាំង អ្នកស្មគ្រ័ចិត្តដែលជាប្រភពធនធានមនុស្ស​កំពុងរស់នៅជាមួយសហគមន៍​នៅពេលជួប​គ្រោះភ័យ ហើយសកម្មភាពនេះឆ្លើយតបទៅនឹងអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលត្រូវពង្រឹងកំលាំងធនធានមនុស្ស និង សមត្ថភាព ដល់អ្នកស្មគ្រ័ចិត្ត​ឲ្យបាន​ទាំងបរិមាណ និង គុណភាព ហើយក្រោយពីបញ្ចប់វគ្គនេះទៅត្រូវយកចិត្តទុកដាក់ ក្នុងនាមជាអ្នកស្មគ្រ័ចិត្ត ជា​អ្នកសង្គ្រោះ ឆ្លើយតបទៅនឹងគោលការណ៍គ្រឹះទាំង ៧ របស់ចលនាកាកបាទក្រហម ហើយត្រូវយកវិជ្ជានេះ​ទៅ​អប់រំបន្តដល់ប្រជាពលរដ្ឋ នៅសហគមន៍ដែលខ្លួនកំពុងរស់នៅ ។