ភ្នំពេញ៖  ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញសូមចេញសេចក្ដីជូនដំណឹងមួយស្តីពីការធានានូវសុខុមាលភាព និង សុវត្ថិភាពចរាចរណ៍ផ្លូវទឹកនារដូវទឹកទន្លេឡើង  លេខ០៧៨ /១៩ សជណច ដែលចុះហត្ថលេខានៅថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៩ នេះ សូមជម្រាបជូនដំណឹងដល់ម្ចាស់ផលយាន ជលយានយន្តដឹកអ្នកដំណើរ ភ្ញៀវទេសចរណ៍ ដឹកទំនិញ និង ម្ចាស់កំពង់ដ ទទឹងទាំងអស់ដែលកំពុងធ្វើអាជីវកម្មតាមដងទន្លេមេគង្គ ទន្លេសាប និង ទន្លេបាសាក់ក្នុងដែនទឹករាជធានីភ្នំពេញឱ្យបានជ្រាបថា ដើម្បីធានានូវសុខុមាលភាព សេចក្តីថ្លៃថ្នូរ សុវត្ថិភាពចរាចរណ៍ផ្លូវទឹក ការពារការខូចខាតផលដំណាំ ផ្ទះសំបែងរបស់ប្រជាពលរដ្ឋ និងការបាក់ច្រាំងទន្លេនារដូវទឹកទន្លេឡើងនេះ ស្នើម្ចាស់ផលយាន ជលយានយន្តគ្រប់ប្រភេទ និងម្ចាស់កំពង់ផែដទទឹងទាំងអស់ អនុវត្តនូវវិធានការដូចខាងក្រោម៖

១- ត្រូវបំពាក់ឧបករណ៍ការពារសុវត្ថិភាពឱ្យបានគ្រប់គ្រាន់ ត្រូវមានពោងក្បួន ពោងកង អាវពោងប្រដាប់ពន្លត់អគ្គីភ័យនៅលើគ្រប់មធ្យោបាយ។

២- ពេលធ្វើចរាចរចេញ ឬចូលក្នុងដែនទឹករាជធានីភ្នំពេញ ត្រូវបើកបន្ថយល្បឿននៅត្រឹម ២០គ.មក្នុងមួយម៉ោង និងហាមបើកបរក្បែរច្រាំងទន្លេ ដែលជាហេតុបណ្តាលឱ្យបាក់ដីមាត់ច្រាំងទន្លេ ប៉ះពាល់ដល់ផលដំណាំ និងផ្ទះសំបែងរបស់ប្រជាពលរដ្ឋ។

៣- មិនត្រូវផ្ទុកអ្នកដំណើរ ភ្ញៀវទេសចរណ៍ ឬទំនិញលើសចំណុះផ្ទុក។

៤- ការបើកបរនាពេលយប់ ត្រូវមានភ្លើងបំភ្លឺឱ្យបានត្រឹមត្រូវ។

៥- ត្រូវរៀបចំផ្លូវឡើងចុះកំពង់ដចម្លង ឱ្យបានល្អស្អាត មិនរអិល ឬផុងស្រុត។

ជាចុងក្រោយរដ្ឋបាលរាជធានីភ្នំពេញមានជំនឿយ៉ាងមុតមាំថា រាល់ម្ចាស់ផលយាន ជលយានយន្តគ្រប់ប្រភេទ និងម្ចាស់កំពង់ដទទឹងនឹងអនុវត្តនូវសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕អត្ថបទ និង រូបភាព៖ ទឹម វិបុល