បន្ទាយមានជ័យ ៖ សាច់ជ្រូកល្មើសច្បាប់លួចនាំចូល ពីប្រទេសថៃមកកម្ពុជារួចដឹកតាមរថយន្ត១គ្រឿងត្រូវបានមន្ត្រីបសុពេទ្យ សហការជាមួយមន្ត្រីសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ ស្ទាក់ចាប់បានកាលពីរសៀលថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចសាលាក្រហម ស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយអនុវត្តតាមសរាចរលេខ០៧ ស្តីពី វិធានការទប់ស្កាត់ការនាំចូលជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទដោយខុសច្បាប់ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការទប់ស្កាត់ការរាលដាលនៃជំងឺប៉េស្តជ្រូកអាហ្រ្វិក (African Swine Fever) និងក្រោយទទួលបានសេចក្តីរាយការណ៍ ពី ការលួចនាំចូលដោយខុសច្បាប់នូវផលិតផលសាច់ជ្រូក គ្រឿងក្នុងជ្រូក មន្ត្រីរបស់លោក បានរួមសហការជាមួយ មន្ត្រីសាខាគយខេត្តបន្ទាយមានជ័យ ធ្វើការស្ទាក់ចាប់រថយន្ត១គ្រឿង ម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-0986 ដែលបានដឹក សាច់ជ្រូក គ្រឿងក្នុងជ្រូក ចំនួន០៩កេះ ស្មើនឹង៤៩៥គីឡូក្រាម ដែលការដឹកនេះ វាខុសនឹងច្បាប់ ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ជាពិសេស វាផ្ទុយពីសរាចរលេខ០៧ របស់រដ្ឋាភិ បាលចំណុចទី២ ដែល បានកំណត់ឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ត្រូវបង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យសត្តឃាតដ្ឋាន អនាម័យសាច់ ធ្វើចត្ថាឡីស័កឃាតទុក ឬបំផ្លាញចោលនូវជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទ ដែលលួចនាំចូលដោយខុសច្បាប់ ទៅតាមវិធានការបសុព្យាបាល និងបទដ្ឋានបច្ចេកទេស ។

លោកបញ្ជាក់ថា បទល្មើសនេះមិនអាចលើកលែងបានទេ ពោលគឺ ត្រូវធ្វើការដុតកម្ទេចចោល ទើបលោកដឹកនាំមន្ត្រីជំនាញរបស់លោក ដោយមានការចូលរួមពីសំណាក់ មន្ត្រីគយ នគរបាល និងមន្ត្រីអាវុធហត្ថ ធ្វើការដុតកម្ទេចចោលនូវសាច់ជ្រូក គ្រឿងក្នុងជ្រូក ទាំងនោះនៅចំណុចភូមិខ្លាកូនថ្មី នៃក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ តែម្តង ៕