ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ៤៥គ្រួសារ រីករាយចំពោះការយកចិត្ដទុកដាក់ជួយឧបត្ថម្ភគាំទ្រ និងផ្ដល់ដីសង្គមកិច្ចស្របច្បាប់របស់រដ្ឋបាលខេត្ដព្រះសីហនុ ហើយបានថ្លែងអំណរអរគុណចំពោះ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋចំនួន ៤៥គ្រួសារ ដែលរស់នៅតំបន់ក្បាលឆាយ ភូមិ១សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានមានប្រសាសន៍សំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋថា ដោយសាររដូវនេះប្រឈមនឹងភ្លៀងធ្លាក់ជាបន្តបន្ទាប់ ពិបាកក្នុងការងាររកស៊ី ដូច្នេះត្រូវថែទាំសុខភាពកូនចៅ ដេកក្នុងមុង ផឹកទឹកស្អាត ចៀសវាងពីជំងឺផ្សេងៗ រដ្ឋបាលខេត្តតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋនៅក្នុងខេត្ត ដោយមិនប្រកាន់វណ្ណ ពណ៌សម្បុរ ឬប្រកាន់និន្នាការនយោបាយ គឺធ្វើយ៉ាងណាជួយដោះស្រាយជីវភាពប្រជាពលរដ្ឋបានទាន់ពេលវេលា ។

អំណោយដែលបាននាំយកមកចែកជូនប្រជាពលរដ្ឋចំនួន ៤៥គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៤០គីឡូក្រាម ត្រីខកំប៉ុង ១យួរ មីកំប៉ុង ២ដុំ  ទឹកត្រី ២ដប ទឹកស៊ីអ៊ីវ ២ដប សង្កសី ៣ម៉ែត្រចំនួន ២០សន្លឹក តង់៦×៨ចំនួន ២តង់ ទឹកសុទ្ធ ៥កេស និងថវិកា ២០០.០០០ មឺុនរៀល ។ ប្រជាពលរដ្ឋចំនួន ៤៥គ្រួសារ ដែលបានរស់នៅលើចិញ្ចើមផ្លូវខុសច្បាប់ នៅតំបន់ស្ពានឆេះ (ឆ្នេរអូរត្រេះ) ដែលស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង/ខេត្ដព្រះសីហនុ ពួកគាត់ បានស្ម័គ្រចិត្ដរុះរើលំនៅឋាន ទៅតាំងទីលំនៅថ្មីស្របច្បាប់ ដែលរដ្ឋបាលខេត្ដបានរៀបចំដំណោះស្រាយគោលនយោបាយដីសង្គមកិច្ចស្របច្បាប់ទំហំ ៥ ម៉ែត្រ គុណនឹង ២០ម៉ែត្រជូនពួកគាត់ នៅតំបន់ក្បាលឆាយ ស្ថិតក្នុងក្រុម ២១ ភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ។

តំណាងប្រជាពលរដ្ឋទាំង ៤៥គ្រួសារ ដែលទទួលបានដីសង្គមកិច្ចស្របច្បាប់ និងការឧបត្ថមគាំទ្រពីរដ្ឋបាលខេត្ដក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធភូមិដ្ឋាន និងការយកចិត្ដទុកដាក់ពីថ្នាក់ដឹកនាំខេត្ដចំពោះការសាងសង់ផ្ទះសម្បែងរបស់ពួកគាត់ឲ្យបានរស់នៅស្របច្បាប់ បរិស្ថានល្អ និងសុវត្ថិភាព រីករាយសប្បាយចិត្ដយ៉ាងខ្លាំងចំពោះរដ្ឋបាលខេត្ដព្រះសីហនុ ដែលពួកគាត់បានរស់នៅលើផ្លូវជាមួយនឹងភាពភ័យខ្លាចអស់រយៈពេលជាង ១០ឆ្នាំកន្លងមកនេះ។

សូមរំឭកផងដែរថាប្រជាពលរដ្ឋ ៤៥គ្រួសារ ខាងលើនេះ បានជួបពិភាក្សាចរចារជាមួយរដ្ឋបាលខេត្ដជាច្រើនលើកមកហើយអំពីបញ្ហាប្រឈមដែលតម្រូវឲ្យពួកគាត់រុះរើចេញពីផ្លូវនោះ នៅថ្ងៃទី៥ ខែកញ្ញាកន្លងទៅថ្មីៗនេះ ពួកគាត់ក៏បានយល់ដឹងហើយព្រមស្ម័គ្រចិត្ដរុះរើទៅនៅទីតាំងថ្មីតំបន់ក្បាលឆាយ ព្រោះរដ្ឋបាលខេត្ត ត្រូវការរៀបចំជួលជុល កែលម្អពង្រីកផ្លូវ រៀបចំសណ្ដាប់ធ្នាប់ អនាម័យ បរិស្ថានក្រុង សម្រាប់ព្រឹត្ដិការណ៍ធំៗ ដូចជាពិធីបុណ្យសមុទ្រនៅឆ្នាំក្រោយ២០២០និងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២។ ម្យ៉ាងវិញទៀត ការតាំងទីលំនៅលើផ្លូវបែបនេះ គឺជាអំពើខុសច្បាប់ ប៉ះពាល់សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថានក្រុង និងកិត្តិយសសេចក្កីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ រួមទាំងកិត្តិយសសេចក្តីថ្លៃថ្នូរបស់ខេត្ដយើងទាំងអស់គ្នា៕