ភ្នំពេញ ៖ ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងមហាឧបាសិកា​ ប៊ុន​ ស៊ាងលី​ ព្រមទាំងក្រុមគ្រួសារ អមដំណើរដោយថ្នាក់ដឹកនាំ–មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់​ និងពុទ្ធបរិស័ទជាច្រើននាក់​ បាន អញ្ជើញ បូជាទៀន​ ធូប​ ផ្កាភ្ញី​ ថ្វាយព្រះរតនត្រ័យ និងនាំយកនូវគ្រឿងឧបភោគ–បរិភោគ ​ចង្ហាន់បិណ្ឌបាត្រ​ និង​បច្ច័យ​ ទៅកាន់បិណ្ឌទី​ ៤​ នៅវត្តលង្កាព្រះកុសុមារាម​ ស្ថិតនៅសង្កាត់បឹងកេងកងទី១​ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ពិធីនេះធ្វើឡើង នៅព្រឹកថ្ងៃ​អង្គារ​ ៤រោជ ខែភទ្របទ​ ឆ្នាំកុរ​ ឯកស័ក​​ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី​ ១៧​ ខែកញ្ញា ឆ្នាំ២០១៩​ ត្រូវនឹងវេនកាន់បិណ្ឌទី៤ ស្របពេល​ដែលប្រជាពលរដ្ឋជាពុទ្ធសាស​និកជន​ទូទាំង​ប្រទេសកម្ពុជា កំពុងចូលរួមសប្បាយ ​រីករាយប្រកប​ដោយ​សទ្ធាជ្រះថ្លា ក្នុងការនាំយកនូវ​ទេយ្យទាន ​និងគ្រឿង​ឧបភោគ–បរិភោគ ទៅវេរប្រគេន​ព្រះសង្ឃ​នៅគ្រប់ទីអារាមទូទាំងប្រទេស ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួង​វិញ្ញាណក្ខន្ធ​ជីដូនជីតា​ បុព្វការីជន​ ញាតិការទាំង៧សន្តាន​ ដែលបានចែកឋានទៅកាន់បរលោក៕