ភ្នំពេញ៖ លោកជំទាវ Heather Wheeler MP អនុរដ្ឋលេខាធិការសភា និងជារដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិកនៃ ក្រសួងការបរទេសចក្រភពអង់គ្លេស បានប្រកាសថា ទោះបីអង់គ្លេសចាកចេញពី សហភាពអឺរ៉ុប (EU) ក៏អង់គ្លេសនៅតែបន្ត ផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្ម ដល់កម្ពុជាដដែល ។ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបរវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០១៩ ឯកឧត្តម មាស គឹមហេង អនុរដ្ឋលេខាធិការ ក្រសួងការបរទេស មានប្រសាសន៍ថា ទំនិញដែលកម្ពុជា នាំចេញទៅអង់គ្លេស មានសម្លៀកបំពាក់ ស្បែកជើង និងកង់ ។

ឯកឧត្តមអ្នកនាំពាក្យលើកឡើងថា ប្រសិនបើអង់គ្លេស ផ្តល់ប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជានោះ គឺជាចំណុចវិជ្ជមានដ៏ល្អ ដោយសារបច្ចុប្បន្ននេះ នៅក្នុងសហគមន៍អឺរ៉ុប បន្ទាប់ពីអាល្លឺម៉ង គឺអង់គ្លេសជាប្រទេសទី២ ដែលកម្ពុជានាំចេញទៅអឺរ៉ុប គឺនាំទំនិញទៅអាល្លឺម៉ង់ជាង ១ពាន់លានដុល្លារ ហើយទៅអង់គ្លេសក៏ជាង ១ពាន់លានដុល្លារដែរ ។ឯកឧត្តមបញ្ជាក់ថា ក្នុងជំនួបនោះ«លោកជំទាវ Wheeler ក៏បានបញ្ជាក់ឡើងវិញដែរថា នៅពេលខាងមុខនេះគឺអង់គ្លេស នឹងអាចចាកចេញពីសហភាពអឺរ៉ុប ហេតុដូច្នេះហើយ លោកជំទាវបានធ្វើការគូសបញ្ជាក់ថា អង់គ្លេសនៅតែផ្តល់ការអនុគ្រោះផ្នែកពាណិជ្ជកម្ម ដល់ប្រទេសកម្ពុជា និងប្រទេសដែលមានការអភិវឌ្ឍតិចចំនួន ៤៨ប្រទេស គឺអង់គ្លេសនៅតែបន្តផ្តល់ដដែល» ។

ពាក់ព័ន្ធបញ្ហាអាស៊ាន លោកជំទាវ Wheeler ថ្លែងថា អង់គ្លេស នឹងស្នើសុំឲ្យកម្ពុជា គាំទ្រដើម្បីអង់គ្លេស បានធ្វើជាដៃគូចរចារបស់អាស៊ាន នៅពេលខាងមុខ ក្រោយចាកចេញ ពីសហគមន៍អឺរ៉ុប ។ បញ្ហានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគាំទ្រចំពោះសំណើនេះ ហើយនៅពេលណាដែល អង់គ្លេសចាក់ចេញពីអឺរ៉ុប ហើយដាក់សំណើមក កម្ពុជានឹងគាំទ្រចំណុចនេះតែម្តង ។

សូមជម្រាបថា មុនមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា លោកជំទាវ Heather Wheeler MP អនុរដ្ឋលេខាធិការសភា និងជារដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិកនៃ ក្រសួងការបរទេសអង់គ្លេស បានបំពេញទស្សនកិច្ច នៅបណ្ដាប្រទេសមួយចំនួន ។ ក្នុងនាមជាប្រទេសដែលងាយរងគ្រោះ ពីជួបគ្រោះរាំងស្ងួត ទឹកជំនន់ និងការប្រែប្រួលអាកាសធាតុ លោកជំទាវ នឹងប្រើប្រាស់ការសន្ទនា នៅប្រទេសឡាវ កម្ពុជា និងថៃ ដើម្បីសង្កត់ធ្ងន់លើកិច្ច សហប្រតិបត្តិការលើបញ្ហាអាកាសធាតុ និងភាពជាអ្នកដឹកនាំរបស់ ចក្រភពអង់គ្លេសរួមទាំង ការធ្វើជាម្ចាស់ផ្ទះកម្មវិធី COP 26 នៅទីក្រុង Glasgow ក្នុងឆ្នាំ ២០២០ផងដែរ៕