កំពត÷នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅឯសាលប្រជុំរបស់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនខេត្តកំពត ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកំពតបានលើកឡើងថា ខេត្តកំពតមានប្រជានេសាទប្រមាណ៣.៥០០ គ្រួសារបាន និងកំពុងទាញយកផលពីព្រៃកោងកាង ក៏ដូចជាធនធានសមុទ្រសម្រាប់ផ្គត់ផ្គង់គ្រួសារ។ ហេតុដូចនេះហើយ ថ្នាក់ដឹកនាំខេត្តបានអំពាវនាវដល់ប្រជាសហគមន៍គ្រប់មជ្ឈដ្ឋានឱ្យរួមសហការក្នុងកិច្ចការពារ និងថែក្សាធនធានធម្មជាតិសមុទ្រ ដើម្បីទុកជាប្រយោជន៍រួម បានយូរអង្វែង។

ក្នុងអង្គវេទិការសាធារណ:ថ្នាក់ក្រោមជាតិ ក្រោមប្រធានបទ( វឌ្ឍនភាព ជំរុញអភិបាលកិច្ចល្អ ក្នុងការគ្រប់គ្រងធនធានជលផល) ដោយមានការចូលរួមពីមន្ត្រីមន្ទីរកសិកម្មជំនាញពាក់ព័ន្ធរដ្ឋបាលជលផលខេត្តចំនួន៤ រួមមានខេត្តកំពត-ខេត្តកែប-ខេត្តព្រះសីហនុ- ខេត្តកោះកុង និងអង្គការសម្ព័ន្ធភាពនានា រួមមានអង្គការACtion Aid,អង្គការCWDCC, អង្គការBCV, អង្គការCNRO, អង្គការWEA និងជាអង្គការដៃគូរផ្សេងទៀតនៅតំបន់ឆ្នេរ ព្រមទាំងប្រជាពលរដ្ឋសហគមន៍មកពីបណ្តាលខេត្តទាំង៤ ។

បន្ទាប់ពីលោក សុខ សុខុម ប្រធានអង្គការCNRO និងលោក យុក សេងឡុង នាយកប្រតិបត្តិរងនៃអង្គការ (FACT) បានធ្វើរបាយការណ៍បញ្ជាក់ពីគោលបំណងរបស់អង្គការសម្ព័ន្ធភាពនានាដើម្បីអភិរក្សធនធានជលផលរួចមក លោក ហាស់ សូបិន អភិបាលរងខេត្តនិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ដោយសារតម្រូវការខ្ពស់តាមរយៈការកើនឡើងនូវចំនួនប្រជាពលរដ្ឋទើបបណ្តាលឱ្យមានបទល្មើសផ្សេងៗកើតឡើង ដូចជា ការកាប់រានព្រៃលិចទឹក ការនេសាទដោយឧបករណ៍មិនស្របច្បាប់ជាដើម។ សកម្មភាពទាំងនោះបាន និងកំពុងបង្កឲ្យមានការបាត់បង់ធនធានសមុទ្រដែលជាដើមហេតុ នាំឱ្យអ្នកជំនាន់កក្រោយជួបក្តីលំបាក ពិសេសប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាបរិស្ថានសង្គមទាំងមូល។ ឆ្លើយតបនឹងក្តីព្រួយបារម្ភនេះ ជំនួសមុខឱ្យរដ្ឋបាលខេត្តកំពត លោកសូមអំពាវនាវដល់មន្ត្រីពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋមូលដ្ឋានមេត្តារួមសហការក្នុងកិច្ចការពារ និងថែក្សាធនធានជលផលដើម្បីបានសម្បូរបែបឡើងវិញបំណងទុកជាប្រយោជន៍រួមយូរអង្វែង។
លោកអភិបាលរងខេត្តបានបន្តថា កម្ពុជាមានអំណោយផលទាំងភូមិសាស្ត្រទាំងអាកាសធាតុធ្វើឱ្យប្រទេសមួយនេះសម្បូរទៅដោយធនធានធម្មជាតិ ពិសេសកម្ពុជាជាប្រទេសជាប់ចំណាត់ថ្នាក់លេខមួយដែលមានឆ្នេរខ្សាច់ស្អាតសម្រាប់ក្លិបឆ្នេរស្អាតលើពិភពលោក។ ប្រជាពលរដ្ឋមួយលានប្រាំសែននាក់រស់នៅតាមតំបន់ឆ្នេរ ក្នុងនោះខេត្តកំពតមានប្រជានេសាទប្រមាណ៣.៥០០គ្រួសារបាន និងកំពុងទាញយកផលពីព្រៃកោងកាង ក៏ដូចជាធនធានសមុទ្រសម្រាប់ផ្គត់ផ្គង់គ្រួសារ។

លោក ហាស់ សូបិន បានបញ្ជាក់ថា ផ្តោតលើគុណប្រយោជន៍របស់ព្រៃកោងកាងឃើញថាក្នុងមួយឆ្នាំ ប្រជានេសាទនៅខេត្តកំពតអាចរកប្រាក់ចំណូលពី១៦លានដុល្លារ រហូតដល់២២០លានដុល្លារ។ និយាយរួម សម្រាប់ចំណូលប្រចាំថ្ងៃមានចន្លោះពីប្រាំម៉ឺនរៀល ទៅប្រាំពីរសែនរៀល ក្នុងមួយគ្រយសារៗ។ ជាមួយនឹងផលប្រយោជន៍ដ៏សន្ធឹកសន្ធាប់បែបនេះ សូមគ្រប់មជ្ឈដ្ឋានរួមសហការគ្នា ដោយប្តូរពីការកាប់បំផ្លាញព្រៃលិចទឹក ការប្រើឧបករណ៍ល្មើសច្បាប់ បង្វែមកជាការថែរក្សាការពារឱ្យបានគង់វង្ស យូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕