ខេត្តបាត់ដំបង ៖ ​កម្លាំងយោធាថៃសហការណ៍ជាមួយកងកម្លាំងទាហ៊ានកម្ពុជា បានធ្វើការរុករកឃើញជនរងគ្រោះម្នាក់ក្នុងចំណោមប័ក្សពួក០២នាក់ដែលបានបាត់ខ្លួនពីការរត់គេចទឹកជំនន់បាក់ដីភ្នំកាលពីថ្ងៃទី១៥ និង១៦ ខែកញ្ញាកន្លែងទៅនេះនៅក្នុងទឹកដីប្រទេសថៃ ចម្ងាយជិត១គីឡូម៉ែត្រពីទឹកដីប្រទេសកម្ពុជា។

សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានពាក់ព័ន្ធទៅនឹងករណីជំនន់ទឹកភ្លៀងបានច្រោះដាច់បាក់ដីភ្នំធ្វើអោយមនុស្ស០២នាក់បាត់ខ្លួន ភ្លាមៗនោះដែរសមត្ថកិច្ចជំនាញទាំងពីរប្រទេសកម្ពុជានិងថៃបានសហការគ្នារុករករហូតនៅរសៀលថ្ងៃទី១៩ ខែកញ្ញា នេះបានរកឃើញជនរងគ្រោះម្នាក់ដែលនៅរស់រានមានជីវិត ខណ:ពេលដែលជនរងគ្រោះកំពុងតែភៀសខ្លួននៅជិតអូរមួយកន្លែង ស្ថិតក្នុងទឹកដីថៃចំងាយប្រម៉ាណជិត០១គីឡូម៉ែត្រហើយបានរៀបចំសង្គ្រោះនិងដឹកបញ្ជូនមកទឹកដីខ្មែរវិញផងដែរ។

ជនរងគ្រោះខាងលើមានឈ្មោះ ឆាង កុយ ភេទប្រុស អាយុ២៧ឆ្នាំ នៅចំពោះមុខបានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុក្រុមរបស់ខ្លួនមានគ្នា០៦នាក់ បានដើរមើលអន្ទាក់សត្វក៍ប្រទះឃើញជ្រូកព្រៃមួយក្បាលនឹងបានសម្លាប់វះកាត់ច្រកថង់ លុះក្រោយមកក៏ស្រាប់តែមានហេតុការណ៍បាក់ដីភ្នំធ្លាក់ឡើងមកធ្វើអោយពួកគេរត់បែកផ្លូវគ្នាអស់មិនដឹងទៅដល់ទីកន្លែងណាខ្លះនោះទេ។

បើទោះបីជាយ៉ាងណា បើតាមការបញ្ជាក់ពីខាងសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះចំនួន០៦នាក់នៅក្នុងហេតុការណ៍បាក់ដីភ្នំកាលពីប៉ុន្មានថ្ងៃកន្លងទៅ ក្នុងនោះមាន០៤នាក់បានរត់គេចរួចខ្លួននិង០២នាក់បាត់ខ្លួនតែនៅរសៀលថ្ងៃទី១៩នេះត្រូវបានរកឃើញម្នាក់និងបានដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យខេត្តបាត់ដំបង ដោយឡែក​ជនរងគ្រោះម្នាក់​ទៀត​ដែលកំពុង​បាត់ខ្លួន ​​កម្លាំងសមត្ថកិច្ចជំនាញទាំងពីរប្រទេសកំពុងសហការណ៍គ្នាដើម្បីបន្តរុករកផងដែរ៕ដោយ រៀម សាលី