ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តលុច្សសុីស RX300មួយគ្រឿងទើបតែបើក យកចេញពីជួសជុលនៅយានដ្ឋាន មិនទាន់ទាំងដល់ផ្ទះផង ក៏ស្រាប់តែជួបគ្រោះអកុសល ឆ្លងប្រព័ន្ធភ្លើងឆាបឆេះខ្ទេច សល់តែគ្រោងដែក ម្ចាស់អស់អារម្មណ៍ពីខ្លួនរលីង ផ្អើលទាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យទៅជួយ      អន្តរាគមន៍  ។ ហេតុការណ៏ខាងលើកើតឡើងកាលពីវេលាម៉ោង៦និង៣0នាទីយប់ ថ្ងៃសៅរ៏ទី៥ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវហាណូយ  ក្នុងភូមិអន្លង់ក្ងាន  សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មានម្ចាស់រងគ្រោះឈ្មោះ ឡុង គឹមសាន្ត ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិរកាកោង ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល ។ជាម្ចាស់រថយន្តដែលឆេះខាងលើម៉ាក លុច្សសុីសRX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AN.3526 ឆេះម៉ត់ខ្ទេចសល់តែគ្រោងដែក។

យោងតាមសម្តីម្ចាស់រថយន្តបានឲ្យដឹងថា មុនកើតហេតុ រថយន្តរបស់គាត់ យកមកជួសជុលនៅយានដ្ឋានក្បែរវត្តសំរោងអណ្តែត ខណ្ឌ សែនសុខ រួចរាល់ហើយ គាត់បានបើកក្នុងបំណងត្រឡប់ទៅផ្ទះវិញ ធ្វើដំណើរតាមបណ្តោយផ្លូវហាណូយ ទឹសដៅពីត្បូងទៅជើង  ខណះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែ ឆ្លងប្រព័ន្ធភ្លើងនៅតាប​ឡូ មានហុយផ្សែង ទើបឈប់ចតរថយន្តបើកទ្វារចុះចេញ សឹងមិនទាន់ ចេញជាអណ្តាតភ្លើងឆាបឆេះតែម្តង ។

ឧប្បត្តិហេតុខាងលើ បង្កឲ្យភ្ញាក់ផ្អើល ពលរដ្ឋក្បែរខាងយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ នៅមិនឈ្នះ ភ្លើងកាន់តែឆេះខ្លាំងឡើងៗ សមត្ថកិច្ច មូលដ្ឋានក៏ទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យចេញទៅជួយបាញ់ទឹកពន្លត់ភ្លើងឲ្យរលត់ ទៅវិញ រថយន្តភ្លើងឆេះអស់ល្មម សល់តែគ្រោងដែក តែមិនបង្កឲ្យម្ចាស់ ឬអ្នកណារងរបួសឡើយ ៕