ខេត្តកណ្តាល៖ ឃ្លាំងឬស្ថានីប្រេងឥន្ធនៈមួយកន្លែងកំពុងលួចលាក់លក់ប្រេងឥន្ធនៈអត់ច្បាប់អនុញ្ញាត និងមិនមានការត្រួតពិនិត្យ ទទួលស្គាល់ពីមន្ត្រីជំនាញ។ក្នុងនោះដែរស្ថានីនេះនៅចំណុចកំពងចំលងកោះរះចាស់ស្ថិតក្នុងភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល ដោយម្ចាស់ស្ថានីមានឈ្មោះតាឆៃ យាយរិច ដែលរស់នៅភូមិ ឃុំខាងលើ។ប្រភពពីពលរដ្ឋបានឱ្យដឹងថា ទីតាំងចាក់ប្រេងឥន្ធនៈនេះបានបើកលក់ជាយូឆ្នាំមកហើយ គិតទៅតាំងពីកំពុងចំលងនៅដំណើរការមកម្លេះ។

តែលុះមកដល់សព្វថ្ងៃឃើញថា ស្ថានីមួយនេះនៅតែបន្តអាជីវកម្មរបស់ខ្លួន ដោយប្រើកម្មករអូសរម៉កម៉ូតូជាច្រើនគ្រឿង នៅពេលដែលអថិតិជនបញ្ជារទិញ ហើយភាគច្រើននៅពេលព្រឹកតែប៉ុណ្ណោះ។ពលរដ្ឋដដែលបានបន្តថា កន្លងមកស្ថានីយចាក់សាំងមួយនេះពុំដែលឃើញមន្រ្តីជំនាញចុះត្រួតពិនិត្យ ហើយពាក់ព័ន្ធការលក់ដូរនិងរៀបចំម៉ាស៊ីនក៍មិនទៅតាមបទដ្ឋានឬសិក្សាពីផលប៉ះពាល់ខ្លាចបង្កជាអគ្គីភ័យជាយថាហេតុណាឡើយ។ព្រោះថានៅម្តុំនេះគឺជាទីប្រជុំជន ហើយពលរដ្ឋបានសាងសង់លំនៅដ្ឋានជិតគ្នាៗ បើសិនមានអគ្គីភ័យកើតឡើងប្រាកដជាទប់ស្កាត់មិនឈ្នះទេ។មិនតែប៉ុណ្ណោះស្ថានីនេះឃើញតែដឹកប្រេងឥន្ធនៈចេញចូលនៅពេលព្រឹក ឯពេលថ្ងៃត្រង់ឡើងឃើញតែចាក់សោចោលមិនដឹងថាមូលហេតុអ្វីទេ? ។

ពាក់ព័ន្ធនឹងបញ្ហាលើកឡើងខាងលើម្ចាស់ស្ថានីយឆៃបានឲ្យដឹងថា ស្ថានីរបស់គាត់កំពុងតែដំណើរការរាល់ថ្ងៃគឺមានច្បាប់ទម្លាប់ត្រឹមត្រូវ។ចំពោះលោក កន សុខកាយ អភិបាលរងស្រុកល្វាឯមបានឱ្យដឹងថា ចំពោះស្ថានីយនេះដែរគឺ មានច្បាប់ទម្លាប់ដែរ។រីឯលោក វណ្ណ មាំង មន្ត្រីរ៉ែថាមពលស្រុកល្វាឯមបានឱ្យដឹងថា ចំពោះការ៉ាសសាំងនេះពុំមានច្បាប់ទម្លាប់អ្វីទាំងអស់។

លោក អ៊ុ ឌុល មេឃុំពាមឧញ៉ាអុងបានឱ្យដឹងថាពាក់ព័ន្ធលើស្ថានីយខាងលើនេះពីមុនមកគឺមានច្បាប់ តែមួយ​រយៈ​ក្រោយមកនេះគឺលោកមិនដឹងទេ ពាក់ព័ន្ធនិងច្បាប់ទម្លាប់ឬក៏បង់ពន្ធផ្សេងៗ។ ទោះបីជាយ៉ាងណាមហាជនបានរិះគន់ទៅលើមន្ត្រីជំនាញពាក់ព័ន្ធលើស្ថានីប្រេងឥន្ធនៈអត់ច្បាប់ដែលបណ្ដែតបណ្ដោយឱ្យជនឆ្លៀតឱកាសគេងប្រវ័ញ្ចមិនព្រមបង់ពន្ធចូលរដ្ឋជាហេតុបាត់បង់ថវិការជាតិ ថែមទាំងមិនមានការត្រួតពិនិត្យត្រឹមត្រូវវាអាចបង្កហានីភ័យទៅដល់ពលរដ្ឋនៅម្តុំនេះតែម្តង៕