ខេត្តស្វាយរៀង ​ នាចុងសាប្ដាហ៏កន្លងមកនេះលោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និង​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​បេតុង​មួយ​ខ្សែ​ប្រវែង​៣៥០០​ម៉ែត្រ ចូលទៅ​រមណីយដ្ឋាន​ប្រាសាទ​ព្រៃ​បាក់ ស្ថិតនៅ​ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​ថ្លែងថា ខេត្តស្វាយរៀង​ពុំ​សូវ​មាន​តំបន់​ទេសចរណ៍​ច្រើន​ទេ ប៉ុន្តែ​យើង​មាន​ទួល​បុរាណ​ជាច្រើន​កន្លែង ដូចជា​ប្រាសាទព្រៃ​បាសាក់ ​និង​ទួល​យាយ​ដូន​នៅ​ក្រុង​បាវិត និង​ទួល​ជាច្រើន​ទៀត​ ដែលមាន​បារមី​សក្ដិសិទ្ធិ ដូច្នេះ​យើង​រួមគ្នា​ថែរក្សា អភិរក្ស និង​កុំ​កាប់​ដើមឈើ​ទុកជា​ទីកន្លែង​ទេសចរ ដើរលេង​កម្សាន្ត​ផងដែរ​។
លោកជំទាវ​បាន​ថ្លែងអំណរគុណ ជូន​ចំពោះ លោកជំទាវ ហង់ ភា​រី ព្រមទាំង​ក្រុមគ្រួសារ រួមជាមួយ ឯកឧត្ដម លោកជំទាវ សប្បុរសជន​ទាំងអស់​ ដែល​បានរួម​ចំណែក​ឧបត្ថម្ភ ក្នុង​ការកសាង​ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ​ឲ្យ​លេច​ជា​សមិទ្ធផល​រួចរាល់​ជា​ស្ថាពរ ហើយ​រៀបចំ​ពិធី​សម្ពោធ​ឆ្លង​យ៉ាង​អធិកអធម​នា​ឱកាស​នេះ​។​ ហើយ​នៅ​តំបន់​ប្រវត្តិសាស្ត្រ​ព្រៃ​បាសាក់​នេះ ត្រូវបាន​ផ្ដួចផ្ដើម​កសាង​ឡើង​វិញ ពី​សំណាក់​ ឯកឧត្ដម អ៊ឹម សិទ្ធី (​បានទទួល​មរណភាព​) និង​ លោកជំទាវ ហង់ ភា​រី មិន​ត្រឹមតែ​កសាង​ផ្លូវ​បេតុង​មួយ​នេះ​ទេ គឺមាន សាលា​បុណ្យ រូបសំណាក​ព្រះអង្គ​ធំ និង​ផ្លូវលំ​ជាប់​បឹង។
លោកជំទាវ​បាន​បន្តថា សមិទ្ធផល​នានា​ក្នុងស្រុក​ស្វាយជ្រំ ក៏​ដូច​ក្នុង​ខេត្ត​ស្វាយរៀង​ទាំងមូល​មានការ​រីកចម្រើន​គ្រប់​វិស័យ​គួរ​ឲ្យ​កត់សម្គាល់ ជាពិសេស លើ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា សាលារៀន មន្ទីរពេទ្យ វត្ត​អារាម ស្ពាន ផ្លូវ ថ្នល់ ជាដើម ការ​កែលំអ​ជួសជុល​សំណង់​អគារ ផ្លូវថ្នល់ ផ្លូវ​ខេត្ត ផ្លូវលំ ទំនប់ទឹក ប្រឡាយ​ទឹក មាន​តំបន់​សេដ្ឋកិច្ច​ពិសេស មាន​រោងចក្រ​ឧស្សាហកម្ម ដែល​បាន​បង្កើត​ការងារ​ជូន​ដល់​កម្មករ កម្មការិនី​ចំនួន​ជិត​ប្រាំ​ម៉ឺន​នាក់ ជូន​ដល់​កូនចៅ​ប្រជាពលរដ្ឋ ធ្វើឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កាន់តែ​ប្រសើរ​ឡើងជា​លំដាប់ ហើយ​បណ្តា​សមិទ្ធផល​ទាំងអស់នេះ បាន​ធ្វើឲ្យ​ខេត្ត​ស្វាយរៀង​ប្រែ​មុខមាត់​ថ្មី​យ៉ាង​ស្រស់បំព្រង និង​មាន​សកម្មភាព​សង្គម​សេដ្ឋកិច្ច ប្រទាក់​ក្រឡា​គ្នា​យ៉ាងសកម្ម និង​រស់​រវើក​គួរ​ជាទី​មោទនភាព​ក្រៃលែង។
លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ថ្លែង​នូវ​ការ​ផ្ដាំផ្ញើ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ ត្រូវ​រួមគ្នា​ជ្រោង​ទង់​សុខ​សន្តិភាព និង​ការអភិវឌ្ឍ និង​រួមគ្នា​ថែរក្សា​នូវ​សមិទ្ធផល​នានា​របស់​រាជរដ្ឋា​ភិបាល ដែល​បាន​ផ្តល់ជូន​ឲ្យ​បាន​គង់វង្ស​សម្រាប់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​។ មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ ត្រូវតែ​ប្រព្រឹត្ត​អំពើ​ល្អ និង​បម្រើ​សេវា​សាធារណៈ​ឲ្យ​បាន​ល្អប្រសើរ ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន និង​ត្រូវ​ពង្រឹង​សុវត្ថិភាព​ភូមិ ឃុំ មិនត្រូវ​ឲ្យ​មាន​បងតូច បងធំ និង​ចោរកម្ម​ផ្សេងៗ​កើត​ឡើង​ឡើយ និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ត្រូវខិតខំ​ដោះស្រាយ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា​ទាំង​សេវា​សំណូមពរ ​និង​សេវា​តម្រូវការ។