(កំពង់ធំ)៖ ឯ.ឧ ថោង ខុន ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកបារាយណ៍ និងស្រុកតាំងគោក បានបើកកិច្ចប្រជុំបូកសរុបការងារមូលដ្ឋានប្រចាំខែ និងណែនាំដល់ក្រុមការងារស្រុកទាំងពីរ ត្រូវបង្កើនការយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ព្រមទាំងណែនាំនូវអនុសាសន៍មួយចំនួនពាក់ព័ន្ធនឹងការរៀបចំពិធីទទួលទានអំបុកខ្មែរ នាថ្ងៃ០៩ វិច្ឆិកាខាងមុខ។ឯ.ឧ បានរំឭកប្រាប់ក្រុមការងារនូវអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលណែនាំឱ្យក្រុមការងារចុះមូលដ្ឋាន និងប្រជាពលរដ្ឋទូទាំងប្រទេសរៀបចំ «ទិវាទទួលទានអំបុកខ្មែរ ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ» នាថ្ងៃទី០៩ ខែវិច្ឆិកា ២០១៩ខាងមុខនេះ។ឯ.ឧ ថោង ខុន បានដាស់តឿនក្រុមការងានៅមូលដ្ឋានស្រុកទាំងពីរ ត្រូវគិតគូររៀបចំទិវានេះឱ្យបានល្អ ត្រូវចលនាប្រជាជនឱ្យចូលរួមបានកុះករ និងត្រូវត្រៀមអំបុក ចេកទុំ ដូង ល្ហុងទុំជាដើម ឱ្យបានគ្រប់គ្រន់។ ព្រមជាមួយនេះ នៅថ្ងៃអកអំបុកក៏ត្រូវខិតខំរៀបចំពិធីអកអំបុក សំពះព្រះខែឱ្យបានល្អត្រឹមត្រូវ តាមប្រពៃណីជាតិពិសេសនៅតាមវត្តអារាម។ឯ.ឧ ថោង ខុន ក៏បានណែនាំឱ្យក្រុមការងារនៅតាមស្រុក ឃុំ ភូមិ សហការគ្នាជាមួយអាជ្ញាធរមូលដ្ឋាន និងវត្តអារាមឱ្យបានល្អក្នុងការងារ។ មួយវិញទៀត នៅពេលខាងមុខ ពេលអស់ទឹកភ្លៀង ឯ.ឧ ថោង ខុន ក៏បានដាស់តឿនឱ្យមូលដ្ឋានត្រូវខិតខំរក្សាទឹកទុកក្នុងស្រែឱ្យបានល្អផងដែរ។ ឯ.ឧ បានណែនាំឱ្យក្រុមការងារត្រូវរៀបចំជួសជុលទូកង និងក្រុមកីឡាករអ៊ុទូក ដើម្បីត្រៀមចូលរួមក្នុង «ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រខែ អកអំបុក» នៅរាជធានីភ្នំពេញ នាពេលខាងមុខ។

ឯ.ឧ ថែមទាំងបានក្រើនរំឭកឱ្យគណបក្សស្រុក ឃុំ ភូមិ ត្រូវរួមសហការគ្នាគ្រប់គ្រងការងាសតិអារម្មណ៍នយោ បាយប្រចាំមូលដ្ឋានឱ្យបានហ្មត់ចត់។ជាមួយគ្នានោះ ឯ.ឧ ថោង ខុន ក៏បានផ្ដាំផ្ញើដល់ក្រុមការងារប្រចាំមូលដ្ឋានស្រុកទាំងពីរទៀតថា នៅពេលរដូវប្រាំងខាងមុខ ក្រុមការងារត្រូវបន្តកសាង និងជួសជុលផ្លូវ ស្ដារប្រឡាយ ព្រមទាំងបន្តដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ៕