រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានជំរុញសភាពាណីជ្ជកម្មកម្ពុជាតាមមណ្ឌលនិមួយៗ ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការស្វែងរកដៃគូវិនិយោគ ទាំងក្នុងនិងក្រៅស្រុកជូនដល់ពលរដ្ឋ និងអាជីវករ ផលិតករ,ស្វែងរកទីផ្សារផលិតផលនានាឲ្យមានស្ថេរភាព និងមានលក្ខណៈស្តង់ដា ហើយប្រធាន និងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មក ត្រូវសហការគ្នាឲ្យបានល្អក្នុងគោលបំណងសម្រេចទិសដៅរួម។

ថ្លែងក្នុងពិធីប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជាមណ្ឌលខេត្តកំពត-កែបអាណត្តិទី១ លើកទី១ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកំពត  ឯកឧត្តមវេង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានលើកឡើថា បច្ចុប្បន្នសភាពាណិជ្ជកម្មកម្ពុជា មានច្បាប់ និងបទបញ្ជាផ្ទៃក្នុងបានចែងយ៉ាងលម្អិត និងច្បាស់អំពីតួនាទីការងាររបស់សភាពាណិជ្ជកម្មកម្ពុជា រាប់ចាប់ពីការធ្វើទំនាក់ទំនងជាមួយអ្នកវិនិយោគទុនក្នុងនិងក្រៅស្រុក ស្វែងរកអាជីវករមានសកត្តានុពលដើម្បីជួយជំរុញឲ្យការងារពួកគេមានដំណើរការល្អជាដើម។ ដោយឡែកសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពត-កែបក៏ត្រូវអនុវត្តតាមច្បាប់ និងគោលការណ៍ នៃបទបញ្ជាផ្ទៃក្នុងផងដែរ  ហើយពិសេសត្រូវស្វែងយល់ អំពីការលំបាកផ្សេងៗ ក្នុងការផលិត ការស្វែករកទីផ្សារ និងការស្វែងរកបច្ចេកទេស បច្ចេកវិទ្យាថ្មីៗ ជូនដល់ប្រជាពលរដ្ឋ ផលិតករ និងអាជីវករ។

ឯកឧត្តមរដ្ឋលេខាធិការបានសង្គត់ធ្ងន់ថា សភាពាណិជ្ជកម្ម បានគ្រប់ដណ្តប់លើវិស័យជាច្រើន ដូច្នេះហើយទាំងប្រធាន និងសមាជិគជ្រើសតាំងសភាពាណិជ្ចកម្មកម្ពុជាមណ្ឌលកំពត-កែប ត្រូវសហការ គ្រប់គ្រង បែងចែក និងចែករំលែកការងារគ្នា ដើម្បីសម្រេចបាននូវសមិទ្ធិផលរួម តាមការចង់បានរបស់អាជីកររាប់ពាន់នាក់ដែលបានមកបោះឆ្នោត។

-សូមជំរាបថា៖ការបោះឆ្នោតនេះប្រព្រឹត្តទៅក្រោមវត្តមានចូលរួម ពីឯកឧត្តមម៉ៅ ថូរ៉ា និងឯកឧត្តមវេង សុធីរដ្ឋលេខាធិការ ក្រសួង ពាណិជ្ជកម្ម និងលោក ហាស់ សូបិន អភិបាល រងខេត្ត តំណាង ឯកឧត្ដម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត កំពត មានរយៈពេល មួយថ្ងៃ គឺចាប់បើកការិយាល័យបោះឆ្នោតពី ម៉ោង៨ព្រឹកនិងបិទរាប់សន្លឹកឆ្នោត នៅវេលាម៉ោង៣រសៀលថ្ងៃដដែល ។ ដំណើរការបោះឆ្នោតបានប្រព្រឹត្តតាមនីតិវិធីដោយ មានអ្នកចូលរួមក្នុងបញ្ជីឈ្មោះបោះឆ្នោត ដែលជាអាជីវករ ពាណិជ្ជករ ឧស្សាហករ សេវាករសរុប ចំនួន ៤២២នាក់ និងមានបេក្ខជន ឈរឈ្មោះចំនួន ២០រូបដើម្បីបោះឆ្នោតជំរុះ៥រូបដោយជ្រើសរើសយកតែ១៥រូប។ ជាលទ្ធផលក្នុងចំណោមសមាជិកសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពត-កែបទាំង១៥រូបដែលជាប់ឆ្នោតថ្មីនេះត្រូវបានបន្តបោះឆ្នោតផ្ទៃក្នុង ជូនឯកឧត្ដមឧកញ៉ា ហាក់ សុវណ្ណាជាប្រធានដឹកនាំសភាពាណិជ្ជកម្មកម្ពុជាខេត្តកំពត-កែបក្នុងអាណត្តិទី១លើកទី១នេះ។