ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋប្រមាណជិត៤០គ្រួសាររស់នៅភូមិត្រពាំងក្បាលស្វា ឃុំឃ្លាំងមាស ស្រុកបវេល បានផ្ទុះកំហឹងនាំគ្នាមកប្តឹងដល់មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តអោយជួយអន្តរាគមន៍ក្រោយសត្វគោជិត២០០ក្បាលរបស់ឈ្មោះ សុខ ជាសំណាង ស៊ីដំណាំពួកគាត់រាប់សិបហិកតាជាច្រើនឆ្នាំដោយមិនមានការដោះស្រាយ។

ការផ្ទុះកំហឹងចូលខ្លួនប្តឹងរបស់ក្រុមប្រជាពលរដ្ឋខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ នៅខាងមុខទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងនិង

ខេត្តបាត់ដំបង។
លោកពូ ទិត្យ ម៉ុន អាយុ៧០ឆ្នាំ រស់នៅភូមិត្រពាំងក្បាលស្វា ឃុំឃ្លាំងមាស នៃស្រុកបវេល បានរៀបរាប់អោយដឹងថា ពួកគាត់នាំគ្នាមកថ្ងៃនេះក្នុងគោលបំណង សុំអោយលោក មាស សុវណ្ណ មេបញ្ជាការអាវុធហត្ថខេត្តជួយអន្តរាគមន៍និងដោះស្រាយអោយជំវិញករណី លោក សុខ ជាសំណាង ដែលជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបវេល ចិញ្ចឹមគោជិត២០០ក្បាលលែងអោយស៊ីដំណាំស្រូវ ដំឡូង និងពោត របស់ពួកគាត់អស់រាប់សិបហិកតា កើតឡើងជារៀងរាល់ឆ្នាំដោយមិនមានការដោះស្រាយបើទោះជាពួកគាត់ធ្លាប់ប្តឹងឡើងដល់អាជ្ញាធម៌ឃុំនិងស្រុកយ៉ាងណាក្តី។

ហើយមិនត្រឹមតែប៉ុណ្ណោះ លោក សុខ ជាសំណាង បានសង់រោងចិញ្ចិមគោនៅក្បែរមាត់ស្រះសហគមន៍ធ្វើអោយទឹកខូចប្រើប្រាស់លេងកើត និងបានបិទប្រឡាយបង្ហូរទឹកចូលស្រះថែមទៀតដែលបង្កជាបញ្ហាអោយប្រជាពលរដ្ឋនៅទីនោះប្រឈមការខ្វះខាតទឹកប្រើប្រាស់យ៉ាងខ្លាំងផងដែរ ដែលធ្វើអោយពួកគាត់ទ្រាំលែងបានរហូតនាំគ្នាមកប្តឹងសុំអោយលោកមេបញ្ជាការ មាស សុវណ្ណ ជួយអន្តរាគមន៍ ដោះស្រាយ និងស្នើសុំដកលោក សុខ ជាសំណាង ចេញពីមេបញ្ជាការអាវុធហត្ថស្រុកបវេលផងដែរ បើមិនដូច្នេះទេពួកគាត់ជាប្រជាពលរដ្ឋមិនមានសេចក្តីសុខនោះឡើយ។

ជាមួយគ្នានេះដែរ លោក ចាន់ នី ដែលជាមេឃុំ ឃ្លាំងមាស បានបញ្ជាក់ផងដែរថា កន្លងមកក្រោយពីលោកទទួលបានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់ លោកក៏បានធ្វើលិខិតអញ្ជើញលោក សុខ ជាសំណាង អោយចូលខ្លួនមកដោះស្រាយដែរ តែលោក សុខ ជាសំណាងមិនដែលចូលខ្លួនមកដោះស្រាយតាមការអញ្ជើញឡើយ រហូតប្រជាពលរដ្ឋទ្រាំលេងបានក៏បង្ខំចិត្តនាំគ្នាឡើងទៅជួបមេបញ្ជាការអាវុធហត្ថខេត្តដើម្បីសុំការអន្តរាគមន៍តែម្តង។

បើទោះបីជាយ៉ាងណា ក្រុមប្រជាពលរដ្ឋបានអះអាងថា បើសិនជាមិនមានការអន្តរាគមន៍និងដោះស្រាយពីសំណាក់លោក មាស សុវណ្ណ មេបញ្ជាការអាវុធហត្ថខេត្តបាត់ដំបង ជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបរងគ្រោះទាំងអស់នេះទេ ពួកគាត់នឹងនាំគ្នាឡើងបន្តទៅរាជធានីភ្នំពេញដើម្បីសុំការអន្តរាគមន៍និងដោះស្រាយពីថ្នាក់លើបន្ថែមទៀត។