រាជធានីភ្នំពេញ ៖​ លោក​ ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ​ និងជាប្រធាន​គណៈបញ្ជាការឯកភាព​ខណ្ឌមានជ័យ​ ​បានដឹកនាំកម្លាំងចម្រុះដោយផ្ទាល់ ឆ្មក់ចូលទីតាំងបេីកល្បែង​ស៊ីសងខុសច្បាប់(សង្វៀន​ជល់មាន់)មួយកន្លែង​ ដោយស្ងាត់ៗ​ បន្ទាប់ពីទទួលបាន​ដំណឹងពីប្រជាពលរដ្ឋ​ និងអ្នកសារព័ត៌មានចុះផ្សាយថា​ លួចបេីកលេងឡេីងវិញ​ ប៉ុន្ដែជាក់ស្ដែងមិនឃើញមានអ្នកលេងជល់មាន់ឡេីយ​ ដោយរកឃេីញ​​ទ្រុងដាក់មាន់​ រួមទាំងមាន់ ជល់១១ក្បាល​ផងដែរ។ការឆ្មក់ចូលទីតាំង​បេីកល្បែងស៊ីសងខាងលេីនេះ​ ធ្វេីឡេីងនៅវេលាម៉ោង១០:៣០នាទីព្រឹក​ ថ្ងៃអាទិត្យ​ ទី០៦​ ខែតុលា​ ឆ្នាំ២០១៩នេះ​ដែលមានទីតាំងនៅផ្ទះលេខ២១៩​ ផ្លូវជាប់​មាត់ប្រឡាយទឹកស្អុយ ចូលតាមស្ពានទី២(មុខមន្ទីរពេទ្យរុស្សី)ស្ថិតក្នុងក្រុមទី២​ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
គួរបញ្ជាក់ថា​ ទីតាំងខាងលេីនេះ​ ត្រូវបានប្រភពព័ត៌មានច្បាស់ការណ៍មួយសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថាមាន ​ឈ្មោះ ​ឆើត ជាម្ចាស់ផងដែរ ដែលត្រូវមហាជនផ្ទុះការរិះគន់យ៉ាងចាស់ដៃ ក្នុងនោះមានទាំងល្បែងបៀរ និងអាប៉ោងខុសច្បាប់ ដែលអាជ្ញាធរនិងសមត្ថកិច្ច​ខណ្ឌមានជ័យ​ ចុះបង្ក្រាបកាលពីកន្លងទៅនោះ​ តែងតែលួចបេីកលេង​ឡេីងវិញ ដោយស្ងាត់ៗ​បំផុត​ សូម្បីតែ​សម្លេងស្រែក​ហ៊ោកញ្ជ្រៀវ​ដូចមុន​ ក៏មិនលឺដែរ ។
បេីតាមសម្ដីរបស់អ្នកភូមិរស់នៅជុំវិញទីនោះ​បានប្រាប់ឲ្យដឹងថា​ រាល់ពេលចូលក្នុងទីតាំងជល់មាន់​ បៀរ និងអាប៉ោងដុះស្លែខាងលេីនោះ​ អ្នកលេង​ទាំងអស់ត្រូវចូលលេងដោយស្ងាត់​ៗ ទោះជា​ពេលចាប់គូ​ តថ្លៃ​ភាគរយ​ ក៏មិនត្រូវស្រែកឡូឡា​ឡេីយ​ ត្រូវរក្សាភាព​ស្ងៀមស្ងាត់ជានិច្ច កុំអោយរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅជិតនោះ ហេីយពេលចេញមកវិញក៏ត្រូវតែស្ងាត់ដែរ​ ទាំងអ្នកចាញ់​ អ្នកឈ្នះ​ ត្រូវតែធ្វេីបែបនេះទាំងអស់គ្នា​ ទេីបអាចលេងបានយូរ​។ លោក​អនុសេនីយ៍ទោ​ ម៉េង​ វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យ​ បានអោយដឹងដែរថា​ នៅពេលទទួលបានដំណឹងពី​ប្រជាពលរដ្ឋ​ និងអ្នកសារព័ត៌មាន​ លោកតែងតែបញ្ជាកម្លាំងនគរបាលខណ្ឌមានជ័យ​ ចុះទៅទីតាំង​បេីកល្បែងស៊ីសងខាងលេីនេះ​ជាច្រេីនលេីកមកហេីយ​ ប៉ុន្ដែជាក់ស្ដែងមិនឃើញមានអ្នកលេងជល់មាន់ឡេីយ​ តែប្រមូលយកតែសម្ភារៈ​ពាក់ព័ន្ធ​មាន់ជល់​នេះ​ យកមករក្សាទុកប៉ុណ្ណោះ។
ទោះយ៉ាងណាក៏ដោយ​ ចំពោះការឆ្មក់ចូលទីតាំងខាងលេីនេះ​ជាលទ្ធផលជាក់ស្ដែង​ គឺមិនទាន់ដល់ម៉ោងលេង​ ទេីបមិនមានមនុស្ស​អ៊ូអរ​ លោក​អភិបាលខណ្ឌមានជ័យ​ ​ក៏បញ្ជាឲ្យដកហូត​សម្ភារៈ​មួយចំនួន​ដូចជា​ មាន់ជល់​      ចំនួន១១ក្បាល​ និងទ្រុងក្រុងមាន់ចំនួន​៩​ ដែលមានម្ចាស់ឈ្មោះ​ អេង​ យៀង​ ភេទស្រី​ អាយុ៣៥ឆ្នាំ​ ស្នាក់នៅផ្ទះ​លេខ​២១៩​ ផ្លូវលំ​ ភូមិភ្នាត​ សង្កាត់ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ​។ បច្ចុប្បន្ន​ចំពោះ​សម្ភារៈដែលដកហូតខាងលេី​ បានបញ្ជូនទៅ​អធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ ដេីម្បីចាត់ការតាមច្បាប់៕