ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជា ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅយប់ ថ្ងៃទី០៦ និងទី០៧ ខែតុលា ឆ្នាំ ២០១៩ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង មានការចូលរួមពីលោក អភិបាលរងខណ្ឌ ,លោកអធិការងខណ្ឌ ,លោក ប្រធានប្រជាការពារ ខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះអនុវត្តច្បាប់ចរាចរផ្លូវគោក និង ធ្វេីកាស្ទាក់ចាប់រថយន្ត ធុនធំ ចំនួន១៧គ្រឿង ដែលបើកបរលើផ្លូវហាមឃាត់ រួមមាន មហាវិថីព្រះនរោត្តម ,មហាវិថីព្រះមុនីវង្ស និង តិរៈវិថីព្រះស៊ីសុវត្ថិ។

ជាក់ស្ដែង នៅយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានចុះប្រតិបត្តិការ ឃាត់រថយន្តធុនធំបានចំនួន ០៦ គ្រឿង។ ហើយនៅយប់ថ្ងៃទី០៧ ខែតុលា កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានបន្តឃាត់រថយន្តបានចំនួន១១គ្រឿងបន្ថែមទៀត។

ដើម្បីជាការព្រមានដល់ម្ចាស់ក្រុមហ៊ុន និង ម្ចាស់រថយន្តធន់ធំ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញបានចាត់វិធានការក្តៅៗទៅលើរថយន្តធុនធំគ្រប់ប្រភេទ ដែលបើកឆ្លងកាត់ចូលរាជធានីភ្នំពេលក្នុងម៉ោង និង ចរាចរណ៍ លើផ្លូវហាមឃាត់ ដោយរយៈពេល២ថ្ងៃ កម្លាំងអាជ្ញាធរខណ្ឌបានឃាត់ រថយន្តធុនធំសរុបចំនួន ១៧គ្រឿង ដែលហ៊ានចរាចរណ៍ លើផ្លូវហាមឃាត់ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ នោះត្រូវបានអាជ្ញាធរខណ្ឌ ស្ទាក់ចាប់ និង បញ្ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំតាមនីតិវិធី។

លោក សុខ ពេញវុធ អភិបាលនៃ គណៈ អភិបាលខណ្ឌ ដូនពេញ បានបញ្ជាក់ទៀតថាចំពោះប្រតិបត្តិការ ចាប់រថយន្ត ធុនធំ ដែលហ៊ាន បើកលើផ្លូវ ហាមឃាត់ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ នេះដែរត្រូវបានធ្វើជាប្រចាំតែម្ដង ព្រោះតាមបណ្ដោយមហាវិថីព្រះនរោត្តម ,មហាវិថីព្រះមុនីវង្ស និង តីរវិថីព្រះស៊ីសុវត្ថិ មិនអនុញ្ញាតឲ្យមានរថយន្តធុន ធំបើកឆ្លងកាត់នោះទេ ៕អត្ថបទ និង រូបភាព ៖ ទឹម វិបុល