បន្ទាយមានជ័យ ៖ថ្ងៃទី៨  ខែតុលា   ឆ្នាំ២០១៩  ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ តំណាងរាស្រ្ត    អមដំណេីរដោយឯកឧត្តម  លោកជំទាវ  ជាក្រុមការងារពីថ្នាក់ជាតិ  ថ្នាក់ក្រោមជាតិ  និងអាជ្ញាធរមូលដ្ឋានបាន អញ្ជេីញចុះសំណេះសំណាលនិងសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ នៅខេត្តបន្ទាយមានជ័យដែលមានអ្នកចូលរួមជាង១០០០នាក់។

ក្នុងឱកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ៍  កែ  គឹមយ៉ាន  បានមានមតិពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរពី សម្តេចវិបុលសេនាភក្តីសាយ  ឈុំ  ប្រធានព្រឹទ្ធសភា  សម្តេចអគ្គមហាពញាចក្រី  ហេង  សំរិន  ប្រធានរដ្ឋសភា និងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន  នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុជា  ជូនចំពោះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់  កងកំលាំងប្រដាប់អាវុធ  ពិសេសបងប្អូនប្រជាពលរដ្ឋនៃមហាគ្រួសារអ្នកបន្ទាយមានជ័យដែលទទួលរងគ្រោះដោយសារទឹកជំនន់នាពេលនេះ។

ក្នុងឱកាសនោះ ដែរ ឯកឧត្ដម  នាយឧត្តមសេនីយ៍  កែ  គឹមយ៉ាន  បានលើកឡើងថា ពលិកម្មរបស់សម្តេច តេជោ  ហ៊ុន  សែន  គឺដេីម្បីសន្តិភាព  ការអភិវឌ្ឍ និងភាពសុខសាន្ត របស់ប្រជាពលរដ្ឋ បានចាត់ទុកសុខទុក្ខរបស់ប្រជាពលរដ្ឋជាសុខទុក្ខរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលតម្រូវឲ្យមានការដោះស្រាយដោយមិនទុកឲ្យបងប្អូនណាម្នាក់ដែលជួបទុក្ខលំបាកហេីយមិនទទួលធ្វេីការដោះស្រាយនោះឡេីយ។

ជាមួយគ្នានេះ  ឯកឧត្តម  នាយឧត្តមសេនីយ៍  កែ  គឹមយ៉ាន  បានថ្លែងបន្តទៀតថា  សន្តិភាពមានតម្លៃណាស់ហេីយជាអាយុជិវិតរបស់យេីងទាំងអស់គ្នា  ដូចនេះសូមបងប្អូនទាំងអស់បន្តចូលរួមថែរក្សានូវសន្តិភាពជាមួយសម្តេចតេជោដោយមិនត្រូវជឿនូវការឃោសនាឲ្យទៅចូលរួមសកម្មភាពអ្វីដែលនាំឲ្យមានទុកទោសដល់ខ្លួន  ក្រុមគ្រួសារ  និងនាំមហន្តរាយដល់សង្គមជាតិឡេីយ។ដូចសព្ធមួយដង  ជាមួយទឹកចិត្តសប្បុរស  គិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ  ឯកឧត្តម  នាយឧត្តមសេនីយ៍  កែ  គឹមយ៉ាន  បាននាំយកអំណោយផ្តល់ជូន រួមមាន:១.ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន៦២១គ្រួសារ ក្នុង១គ្រួសារទទួលបាន ៖ អង្ករ ត្រីខ មី  ទឹកសុីអុីវ   ប៊ីចេង  នំ  ទឹកសុទ្ធ  សារ៉ុង២ ថវិកា២មុឺនរៀល ។២.គ្រួសារដែលមានសមាជិកស្លាប់ដោយសារលង់ទឹកជំនន់ចំនួន៩នាក់ ក្នុង១គ្រួសារទទួលបានបានសម្ភារអង្ករ ត្រីខ មី  ទឹកសុីអុីវ   ប៊ីចេង  នំ  ទឹកសុទ្ធ  សារ៉ុង២ និងថវិកា៥២ម៉ឺនរៀល។ ដោយឡែកក្នុងថ្ងៃដដែលនោះដែរ  ឯកឧត្តម  នាយឧត្តមសេនីយ៍  កែ  គឹមយ៉ាន  បានចូលបច្ច័យចំនួន២លានរៀលដេីម្បីចូលរួមរំលែកទុក្ខជាមួយគ្រួសារសពលោកស្រី  ប៊ុត សុីលន ជាសមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែតដែលបានទទួលមរណភាពនៅថ្ងៃទី៨  ខែតុលា ឆ្នាំ២០១៩ ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធ  ។